ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយថា លោកនឹងស្នើឲ្យសមាគមអន្តរជាតិ ជួយដាក់សម្ពាធលើប្រទេសកូរ៉េខាងជើង អំឡុងពេលលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងG20 នាសប្ដាហ៍នេះ។
យោងតាមបទសម្ភាសន៍ជាមួយសារព័ត៌មាន AP មេដឹកនាំកូរ៉េខាងត្បូងបានលើកឡើងថា លោកនឹងយកប្រធានបទទាក់ទងជាមួយការគម្រាមកំហែងរបស់កូរ៉េខាងជើង មកជជែកគ្នានៅកិច្ចប្រជុំទ្វេភាគីជាមួយមេដឹកនាំអាស៊ាន និងបន្តយកវាទៅពិភាក្សានៅកិច្ចប្រជុំក្នុងប្រទេសឥណ្ឌាថែមទៀត។
“សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងG20 នាពេលខាងមុខ ខ្ញុំនឹងទទូចឲ្យសមាគមអន្តរជាតិ ចាត់វិធានការបន្ទាន់ ជុំវិញការគម្រាមកំហែងបាញ់គ្រាប់មីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងធ្វើការជាមួយគ្នាយ៉ាងជិតដិត ដើម្បីលុបចោលកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ”។ នេះបើតាមសម្ដីរបស់លោក Yoon បានប្រាប់ទៅកាន់សារព័ត៌មានអន្តរជាតិ។
ប្រធានាធិបតីកូរ៉េខាងត្បូងបន្ថែមទៀតថា៖ សមាគមអន្តរជាតិត្រូវតែបង្ហាញឲ្យច្បាស់ពីការតាំងចិត្ត ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលកំពុងបង្កការគម្រាមកំហែងសម្រាប់ពិភពលោក។
គួររំលឹកដែរថា មួយរយៈចុងក្រោយនេះ កូរ៉ខាងជើងបានព្រមានបាញ់គ្រាប់មីស៊ីល បន្ទាប់ពីកូរ៉ខាងត្បូងបានចូលដៃចូលជើងជាមួយអាមេរិក ធ្វើសមយុទ្ធយោធាធំមួយ ខណៈកូរ៉េខាងជើងយល់ថា វាជាការគម្រាមកំហែងដល់បូរណភាពទឹកដីរបស់ខ្លួន៕