រដ្ឋាភិបាលចិនបានអនុម័ត ក្នុងការរៀបចំការិយាល័យពិសេសមួយនៅគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ ហៅកាត់ NDRC ដើម្បីគាំទ្រដល់វិស័យឯកជន និងជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ការិយាល័យមួយនោះ នឹងរ៉ាប់រងដល់ការរៀបចំគោលនយោបាយ គាំទ្រដល់ការអភិវឌ្ឍន៍នៃក្រុមហ៊ុនឯកជន ទាំងក្នុងស្រុក និងការប្រកួតប្រជែងលើឆាកអន្តរជាតិ។
គួររំលឹកថា វិស័យឯកជននៅចិនគឺផ្ដល់ឱកាសការងារប្រហែល ៨០% នៅក្នុងទីក្រុង ប៉ុន្តែរយៈពេលមួយឆមាសនេះ វិស័យមួយនេះជួបផលវិបាកក្នុងការអូសទាញវិនិយោគិន ដោយសារកំណើនសេដ្ឋកិច្ចយឺត ស្របពេលតម្រូវការក៏ថយចុះថែមទៀត។
ជាមួយគ្នានោះ ក្រុមអ្នកវិភាគសេដ្ឋកិច្ចមួយចំនួនលើកឡើងថា រដ្ឋាភិបាលចិនកំពុងចាត់វិធានការថ្មីៗ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចឡើងវិញ ដោយសារបារម្ភពីវិបត្តិបំណុល និងហានិភ័យវិបត្តិហិរញ្ញវត្ថុ ដែលអាចបណ្ដាលមកពីភាពជាប់គាំងនៃវិស័យអចលនទ្រព្យក្នុងស្រុក៕