ហេតុអ្វី ចូ បៃដិន បោះចោលកិច្ចប្រជុំកំពូលអាស៊ាន តែស្រវាទៅរកវៀតណាមវិញ?

អន្តរជាតិ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម នាថ្ងៃទី១០ ខែកញ្ញាខាងមុខ បន្ទាប់ពីលោកបញ្ចប់កិច្ចប្រជុំកំពូល G20 នៅក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:ការទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាមនេះ មានន័យថា លោក បៃដិន នឹងមិនចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើទី៤៣ នៅក្នុងរដ្ឋធានាធីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តិធ្វើឡើង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញានេះនោះឡើយ ដោយអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹងចូលរួមជំនួសវិញ។

ជុំវិញការរំលងកិច្ចប្រជុំដ៏សំខាន់នេះ បើតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានប្រាប់សារព័ត៌មាន VOA ថា លោក បៃដិន ហាក់ចង់ងាកទៅរកការពង្រឹងទំនាក់ទំនងជាមួយវៀតណាមច្រើនជាង ដោយចាត់ទុកប្រទេសនេះគឺជាដៃគូដ៏មានតម្លៃបំផុតមួយ សម្រាប់សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន ។

មិនតែប៉ុណ្ណោះ សម្រាប់ហេតុផលមួយផ្សេងទៀត ដោយសារតែលោក បៃដិន បានទៅបំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌូនេស៊ីរួចហើយ កាលពីឆ្នាំមុន នៅពេលដែលលោក ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី។ ហើយនៅពេលនោះ លោក បៃដិន រួមជាមួយនឹងប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានប្រកាសផ្តល់ជំនួយសម្រាប់គម្រោងជាច្រើនក្នុងវិស័យនានា រួមមានអាកាសធាតុ សន្តិសុខ និងការអប់រំ ជាដើម។

បច្ចុប្បន្ន វៀតណាម បាននឹងកំពុងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបង្កើនទំនាក់ទំនងជាមួយអាមេរិក ដោយសារតែសកម្មភាពរបស់ចិន នៅសមុទ្រចិនខាងត្បូង។ ចិន បានទាមទារយកដែនសមុទ្រស្ទើរតែទាំងអស់ ជាទឹកដីរបស់ខ្លួន ដែលជាហេតុធ្វើឱ្យវៀតណាម ចង់ការពារសិទ្ធិរបស់ខ្លួននៅក្នុងដែនសមុទ្រនេះ ជាមួយនឹងការបង្កើនភាពជាដៃគូជាមួយអាមេរិក។

ជម្រាបជូនផងដែរថា អាមេរិក តែងតែគំាទ្រលើសន្តិសុខដែនសមុទ្ររបស់វៀតណាម នាពេលកន្លងមកនេះ និងថែមទាំងបានផ្តល់ជូនអតីត​នាវា​ឆ្មាំ​សមុទ្រ​របស់ខ្លួន​ចំនួន​ពីរ​គ្រឿង​មកឱ្យវៀតណាមផងដែរ ខណ:កាលពីដើមខែនេះ លោក បៃដិន បាននិយាយថា វៀតណាម ចង់បានទំនាក់ទំនងពីអាមេរិក ពីព្រោះពួកគេចង់ឱ្យចិនដឹងថា ពួកគេមិនមែនមានតែម្នាក់ឯងនោះឡើយ ៕