ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មី នឹងធ្វើឡើងនាឆ្នាំ ២០២៤ ខាងមុខ ខណៈគណបក្សសាធារណរដ្ឋ បានតែងតាំងអ្នកជំនួញកូនកាត់ឥណ្ឌា-អាមេរិកាំង លោក Vivek Ramaswamy ជាបេក្ខភាពតំណាង កាលពីខែកុម្ភៈកន្លងទៅ។
មានឈ្មោះជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតីអាមេរិក៏ពិតមែន ប៉ុន្តែអ្នកជំនួញវ័យ ៣៨ឆ្នាំ មិនដែលមានបទពិសោធន៍ទាល់តែសោះ សម្រាប់ការប្រឡូកលើឆាកនយោបាយ ពោលជំនាញតែខាងរកស៊ីប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Businessinsider។
សេដ្ឋីប្រាក់វ៉ាល់លានដុល្លារម្នាក់នេះ ក៏ធ្លាប់មានប្រវត្តិតស៊ូមិនធម្មតា ដោយលោកគឺជាកូនប្រុសរបស់ជនភៀសខ្លួនឥណ្ឌា ប៉ុន្តែឆ្លាត និងជោគជ័យខ្លាំងលើការសិក្សា ដោយបានចូលរៀននៅសាកលវិទ្យាល័យកំពូល Harvard ថែមទៀត។
លោកបានបញ្ចប់ការសិក្សានៅវិទ្យាល័យ St. Havier High School ដោយមានពិន្ទុខ្ពស់ដាច់គេ និងធ្លាប់ជាកីឡាករវាយកូនបាល់ លំដាប់ថ្នាក់ជាតិផ្នែកយុវជនផងដែរ។
ចូលរៀននៅសកលវិទ្យាល័យ Havard លោកបានចាប់យកជំនាញជីវវិទ្យា និងឆ្លៀតបង្កើតអាជីវកម្មមួយកាលពីឆ្នាំ ២០០៧ ដែលមានឈ្មោះថា StudentBusinesses.com ដែលផ្ដល់ភាពងាយស្រួលដល់សហគ្រិនក្មេងៗ ក្នុងការស្វែងរកព័ត៌មាន និងក្រោយមកត្រូវបានទិញយកដោយក្រុមហ៊ុន Ewing Marion Kauffman Foundation ក្នុងឆ្នាំ២០០៩។
ពីឆ្នាំ២០០៧ ដល់២០១៤ លោកបានធ្វើការនៅស្ថាប័ន QVT Financial ហើយដោយសារភាពវ័យឆ្លាតលើការធ្វើពាណិជ្ជកម្ម គួបផ្សំនឹងចំណេះដឹងលើផ្នែកឱសថផង Ramaswamy បានក្លាយជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនមួយនេះ ត្រឹមវ័យ២៨ឆ្នាំប៉ុណ្ណោះ។
ក្រោយពីសម្រេចចិត្តឈប់ធ្វើការនៅ QVT Financial នៅឆ្នាំ២០១៤ បុរសកូនកាត់ម្នាក់នេះ ចាប់ផ្ដើមបើកជំនួញផ្ទាល់ខ្លួន លើផ្នែកលក់ឱសថ ដោយដាក់ឈ្មោះក្រុមហ៊ុនថា Roivant និងទទួលបានការវិនិយោគពីអតីតមិត្តរួមការងារ ប្រមាណ ៩៣លានដុល្លារ។
គោលបំណងនៃការបង្កើត Roivant គឺដើម្បីផលិតឱសថ ដែលក្រុមហ៊ុនផ្សេងៗបោះបង់ចោល ហើយចាប់ផ្ដើមដំបូង មានតែបុគ្គលិក ១០នាក់ប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីទទួលបានការវិនិយោគពី SoftBank Vision Fund ក្រុមហ៊ុនមួយនេះបានផ្ទុះខ្លាំងនៅក្នុងឆ្នាំ២០១៧។
ក្រោយមក Ramaswamy ត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសជាសហគ្រិនមានបំផុតមួយរូប ប្រចាំសហរដ្ឋអាមេរិក ដែលមានវ័យក្រោម៤០ឆ្នាំ ខណៈបច្ចុប្បន្នបុរសម្នាក់នេះមានទ្រព្យសម្បត្តិប្រហែល ៩៥០លានដុល្លារ។
នៅឆ្នាំ២០២១ លោក Ramaswamy បានលាលែងពីតំណែងជា CEO នៃក្រុមហ៊ុន Roivant ក្រោមហេតុផលថា លោកចង់ផ្ដោតអារម្មណ៍លើការសរសេរសៀវភៅ និងប្រឡូកលើឆាកនយោបាយវិញម្ដង។
ថ្វីបើអតីតអ្នកជំនួញកូនកាត់ម្នាក់នេះ មិនមានបទពិសោធន៍លើឆាកនយោបាយក្ដី ប៉ុន្តែលោកគឺជាបេក្ខភាពប្រធានាធិបតីអាមេរិក លេចធ្លោរបំផុតទី០៦ ក្នុងចំណោមបេក្ខភាព ១០រូប ខណៈគោលនយោបាយរបស់លោកផ្ដោតសំខាន់លើការអភិរក្សនិយម៕