នាថ្ងៃដំបូងនៃការចាប់ផ្ដើមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ជាផ្លូវការ ដែលមានឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ បញ្ហាសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា និងទំនាស់សមុទ្រចិនខាងត្បូង ត្រូវបានលើកមកជជែកវែកញែកយ៉ាងក្ដៅគគុក។
យោងតាមការចុះផ្សាយពីកាសែត Bangkokpost បានបង្ហាញថា មេដឹកនាំអាស៊ាន គ្រោងពិនិត្យឡើងវិញនូវគោលការណ៍ ៥ចំណុច ដែលចងឡើងរវាងមីយ៉ាន់ និងសមាជិកអាស៊ានដទៃ ក្នុងគោលបំណងស្វែងរកសន្តិភាព ដោះស្រាយវិបត្តិសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា។
មីយ៉ាន់ម៉ាមិនបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកំពុងធ្វើឡើងនៅឥណ្ឌូណេស៊ីឡើយ ខណៈម្ចាស់ផ្ទះឆ្នាំនេះ នៅតែបន្តរក្សាជំហរដដែល ដោយអនុញ្ញាតិឲ្យមីយ៉ាន់ម៉ា បញ្ជូនអ្នកតំណាង ដែលមិនមែនជាអ្នកនយោបាយមកចូលរួមបាន។
បន្ថែមពីនោះ មេដឹកនាំអាស៊ានក៏គ្រោងនឹងជជែកគ្នាពីបញ្ហាសមុទ្រចិនខាងត្បូងផងដែរ ដោយអាស៊ានបានកំពុងព្រាងក្រមការពារមួយចំនួន ដើម្បីពង្វាងការប្រឈមមុខគ្នាក្នុងតំបន់ ខណៈប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម កំពុងទាមទារទឹកដី ដែលចិន និងតៃវ៉ាន់ អះអាងថាជាចំណែករបស់ខ្លួនដែរ។
ភាពតានតឹងរវាងសមាជិកអាស៊ាន និងចិនកាន់តែក្ដៅគគុក បន្ទាប់ពីចិនបានបញ្ចេញផែនទីថ្មី ដែលម៉ាឡេស៊ី និងបណ្ដាប្រទេសនៅជុំវិញសមុទ្រចិនខាងត្បូង អះអាងថា ចិនបានវាតទីយកដែនដីរបស់ពួកគេ។
សូមជម្រាបបន្ថែមថា វេទិកាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នេះ ត្រូវបានគេរំពឹងថា ជាទីណាត់ជួបរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ប៉ុន្តែមេដឹកនាំកំពូលទាំង៣ មិនបានចូលរួមឡើយ ហើយបញ្ជូនអ្នកតំណាងមកជំនួសវិញ។
ក្នុងនោះ អាមេរិកបញ្ជូនអនុប្រធានាធិបតី លោកស្រី Kamala Harris ខណៈនាយករដ្ឋមន្ត្រី Li Qiang ចូលរួមតំណាងចិន និងរដ្ឋមន្ត្រីការបរទេស Sergey Lavrov នឹងចូលរួមជំនួសលោកពូទីន៕