ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានបញ្ជាក់យ៉ាងច្បាស់យ៉ាងដូច្នេះថា គ្រប់ភាគីទាំងអស់ រួមទាំងក្រុមមហាអំណាច មិនអាចចាត់ទុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន ជាសង្វៀនប្រកួតគ្នាបាននោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NST។
“ពួកយើងគួរតែចាត់ទុកអាស៊ាន ជាកន្លែងជម្រុញកិច្ចសហប្រតិបត្តិការ ជាមួយក្ដីសង្ឃឹមនៃការសម្រេចបាននូវិបុលភាព ស្ថិរភាព និងសន្តិភាព ហើយមិនមែនតែក្នុងតំបន់ឡើយ តែនៅទូទាំងពិភពលោក”។ នេះបើតាមសម្ដីរបស់លោក ចូកូ បានថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣។
បន្ថែមពីនោះ ប្រធានាធិបតីឥណ្ឌូណេស៊ីក៏បានសង្កត់ធ្ងន់ទៀតថា មេដឹកនាំអាស៊ានទាំងអស់ បានយល់ព្រមមិនឲ្យមហាអំណាចណាមួយ កេងផលប្រយោជន៍ពីតំបន់អាស៊ានបានឡើយ។
សូមជម្រាបដែរថា មួយរយៈចុងក្រោយនេះ មហាអំណាចសេដ្ឋកិច្ចពិភពលោកអាមេរិក និងចិន កំពុងពាក់មុខយក្សដាក់គ្នា ខណៈសមាជិកអាស៊ានមួយចំនួនក៏កំពុងមានភាពរកាំរកូស ជាមួយចិនផង បណ្ដាលឲ្យមានក្ដីបារម្ភថា អាស៊ានអាចនឹងក្លាយជាសមរភូមិ នៃសង្គ្រាមសេដ្ឋកិច្ចរវាងចិន និងអាមេរិក។
រំលឹកបន្ថែមថា នេះគឺជាការធ្វើជាម្ចាស់ផ្ទះលើកទី០៥ របស់ឥណ្ឌូណេស៊ី សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ខណៈសម្រាប់ឆ្នាំ២០២៣ នេះ ឥណ្ឌូណេស៊ីបានយកប្រធានបទ ASEAN Matters: Epicentrum of Growth មកពិភាក្សា ដោយផ្ដោតសំខាន់លើបញ្ហាធំៗដូចជា កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូណេស៊ី ក្នុងការជួយឲ្យតំបន់អាស៊ានមានស្ថិរភាព និងសន្តិភាព ស្ថាបត្យកម្មសុខភាព សន្តិសុខថាមពល សន្តិសុខស្បៀង និងស្ថិរភាពហិរញ្ញវត្ថុជាដើម៕