ក្រុមមេដឹកនាំអាស៊ាន បានចេញសម្ដែងការថ្កោលទោសយ៉ាងខ្លាំងចំពោះប្រទេសមីយ៉ាន់ម៉ា ដែលបានប្រើប្រាស់អំពើហិង្សា និងវាយប្រហារលើជនស៊ីវិល ខណៈមេដឹកនាំអាស៊ានបានយកវេទិកាកិច្ចប្រជុំកំពូលអាស៊ាន ដាក់សម្ពាធឲ្យមីយ៉ាន់ម៉ាបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់។
ក្រុមមេដឹកនាំអាស៊ាន បានទាមទារឲ្យកងប្រដាប់អាវុធមីយ៉ាន់ម៉ា និងភាគីពាក់ព័ន្ធទាំងអស់ បញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងវាយប្រហារលើជនស៊ីវិល ផ្ទះសម្បែង និងទ្រព្យសម្បត្តិសាធារណៈដូចជា សាលារៀន មន្ទីរពេទ្យ និងផ្សារជាដើម។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ ១៩ចំណុច ដែលសារព័ត៌មាន AFP បានឃើញ។
បន្ថែមពីនោះ ក្រុមមេដឹកនាំអាស៊ានក៏បានលើកឡើងថា៖ ពួកយើងពិតជាមានការខកចិត្ត និងថ្កោលទោសជាខ្លាំង ចំពោះទង្វើដែលមីយ៉ាន់ម៉ាកំពុងតែធ្វើ។
សូមជម្រាបដែរថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ក៏បានអំពាវនាវឲ្យមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់ផងដែរ ប៉ុន្តែអ្នកការទូតជាន់ខ្ពស់របស់លោកបានបញ្ជាក់ថា ដំណើរសន្តិភាពជាមួយរបបសឹកមីយ៉ាន់ម៉ា ដើម្បីបញ្ចប់អំពើហិង្សា នៅតែមានភាពជាប់គាំងដដែល៕