ចិន ប្រកាសគាំទ្រពេញទំហឹងចំពោះជំហររបស់អាស៊ាន លើកិច្ចសហប្រតិបត្តិការក្នុងតំបន់

អន្តរជាតិ

នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននិយាយកាលពីថ្ងៃអង្គារមិ្សលមិញថា ប្រទេសរបស់ខ្លួនគាំទ្រយ៉ាងមុតមាំនូវជំហរនៅកណ្តាលរបស់អាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងតួនាទីកាន់តែធំរបស់ប្លុកនេះ នៅក្នុងកិច្ចការអន្តរជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Global Times ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលដែលអាស៊ាន កំពុងប្រឈមមុខជាមួយនឹងបញ្ហា ដោយសារតែសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ រួមទាំងវិបត្តិនៅមីយ៉ាន់ម៉ា និងភាពប្រេះស្រាំកើតឡើងដោយសារទំនាស់នៅសមុទ្រចិនខាងត្បូង និងជាពិសេសការប្រកួតប្រជែងអំណាចកាន់តែខ្លាំងក្លាឡើងក៏ដោយ ប៉ុន្តែលោក Li មានទំនុកចិត្តថាអាស៊ាន អាចបង្ហាញពីភាពធន់ ទៅនឹងការផ្លាស់ប្តូរទាំងនេះបាន។​

ប្រទេសចិន និងអាស៊ាន តែងចែករំលែកពីការរំពឹងទុកដូចគ្នា សម្រាប់សន្តិភាព និងកំណើននៅក្នុងតំបន់ ដែលជាផលប្រយោជន៍របស់ប្រទេសទាំងអស់ ហើយគួរតែរួមដៃគ្នា ដើម្បីរក្សាការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងចក្ខុវិស័យធំ ជាជាងការចង់បានផលចំណេញតិចតួចពីខាងក្រៅ។ នេះបើតាមការលើកឡើងរបស់លោក Li។

ជម្រាបជូនផងដែរថា រដ្ឋមន្ត្រីចិនលោក Li Qiang បច្ចុប្បន្នកំពុងស្ថិតនៅក្នុងទីក្រុងហ្សាកាតា ដើម្បីបំពេញទស្សនកិច្ចផ្លូវការមកកាន់ប្រទេសឥណ្ឌូនេស៊ី និងចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ាន លើកទី២៦ អាស៊ានបូកបី លើកទី២៦ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៨ ៕