ជប៉ុន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន លើវិស័យសំខាន់ៗ ៦ចំណុច

អន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយនៅក្នុងកិច្ចប្រជុំអាស៊ាន-ជប៉ុននាថ្ងៃពុធនេះថា ប្រទេសជប៉ុននឹងពង្រឹងការគាំទ្រ លើកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងវិស័យចំនួនប្រាំមួយ រួមមាន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការលើកកម្ពស់ប្រព័ន្ធឌីជីថល ការបង្កើនភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ការតភ្ជាប់ចរន្តអគ្គិសនី ក៏ដូចជាទំនាក់ទំនងរវាងមនុស្សនិងចំណេះដឹង និងកិច្ចសហប្រតិបត្តិការដែនសមុទ្រផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Japan News ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ លោក Kishida បានគូសបញ្ជាក់ថា ប្រទេសជប៉ុននឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញបានងាយស្រួលជាងមុន តាមរយៈការអភិវឌ្ឍន៍កំពង់ផែ ផ្លូវថ្នល់ ផ្លូវដែក និងអាកាសយានដ្ឋាន ដោយក្នុងនោះលោកបានបញ្ជាក់ផងដែរថា គម្រោងនេះនឹងបង្កើនចំណាយទុនដល់ទៅ ២,៨ពាន់លានយ៉េនឯណោះ។

មួយវិញទៀត ប្រទេសជប៉ុននឹងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការលើកកម្ពស់វិស័យឌីជីថល  ក៏ដូចជាការរួមចំណែកដល់សន្តិសុខនៃប្រព័ន្ធអ៊ីនធឺណិតផងដែរ។

បន្ថែមពីនោះ ប្រទេសជប៉ុននឹងជួយអាស៊ានក្នុងការបង្កើនសមត្ថភាពអនុវត្តច្បាប់ដែនសមុទ្រ តាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្តល់ជំនួយជានាវាល្បាតឥតសំណង ដល់ភ្នាក់ងារឆ្មាំឆ្នេរសមុទ្រ និងប៉ូលីសសមុទ្រ។

មិនត្រឹមតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រីរូបនេះបានបន្តថា អាស៊ានជាតំបន់ដែលកំពុងមានការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដែលនាំអោយថាមពលអគ្គិសនីកំពុងកើនឡើងតម្រូវការ តែយ៉ាងណាដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលអគ្គិសនីប្រកបដោយស្ថិរភាព ប្រទេសជប៉ុននឹងគាំទ្រដល់ការតភ្ជាប់ចរន្តអគ្គិសនី តាមរយៈការបង្កើតផែនការមេ ក៏ដូចជាកម្មវិធីបណ្តុះបណ្តាលផ្សេងៗ។

ជាចុងក្រោយ លោក Kishida បានបន្ថែមថា ជប៉ុននឹងជម្រុញធនធានមនុសុ្ស តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយបណ្តាប្រទេសអាស៊ាន ដោយក្នុងនោះប្រទេសជប៉ុននឹងផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកចំនួនប្រមាណ ៥០០០នាក់នារយៈពេល ៣ឆ្នាំខាងមុខ ក្នុងវិស័យចំនួនប្រាំមួយនេះ៕