កាលពីថ្ងៃពុធកន្លងទៅ នាយករដ្ឋមន្ត្រីថៃថ្មី លោក Srettha Thavisin បានសុំឲ្យប្រជាជនទុកពេលឲ្យលោកបានធ្វើការចន្លោះពី ៣ខែ ទៅ ៦ខែសិន ទើបលោកអាចបញ្ចេញស្នាដៃបានខ្លះ។
ការលើកឡើងរបស់លោក Srettha គឺធ្វើឡើងអំឡុងពេលបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង បន្ទាប់ពីធ្វើពិធីសម្បថចូលកាន់តំណែងកាលពីថ្ងៃអង្គារ ខណៈនាយករដ្ឋមន្ត្រីថៃម្នាក់នេះ ក៏បានបង្ហើបដែរថា លោកកំពុងទទួលរងសម្ពាធ ដោយសារសាធារណជនដាក់ការរំពឹងទុកខ្ពស់ពេក ប៉ុន្តែលោកនឹងព្យាយាមដោះស្រាយបញ្ហារបស់ពួកគេ។
គួររំលឹកដែរថា កាលពីថ្ងៃទី០៥ ខែកញ្ញាកន្លងទៅ លោក Srettha Thavisin បានដឹកនាំរដ្ឋមន្ត្រី ៣៣នាក់ ធ្វើពិធីសម្បថនៅមុខព្រះមហាក្សត្រ King Maha Vajiralongkorn នៅព្រះរាជវាំង ហើយនាយករដ្ឋមន្ត្រីថៃ នឹងត្រូវប្រកាសពីគោលនយោបាយអាទិភាព នៅសម័យប្រជុំសភានាថ្ងៃទី១១ ខែកញ្ញាខាងមុខ។
ជាមួយគ្នានោះ បន្ទាប់ពីបញ្ចប់ការចូលស្បថកាន់តំណែង នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីថៃថ្មី បានបើកកិច្ចប្រជុំដំបូង ដោយបានពិភាក្សាលើការកាត់បន្ថយតម្លៃប្រេងឥន្ធនៈ និងអគ្គិសនី ដើម្បីសម្រួលដល់ជីវភាពប្រជាជន៕