នាយករដ្ឋមន្ត្រីថៃ៖ ប្រទេសថៃប្រៀបដូចជាអ្នកជំងឺម្នាក់

អន្តរជាតិ

កាលពីថ្ងៃពុធ ទី០៦ ខែកញ្ញាម្សិលមិញ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានលើកឡើង​ថា ប្រទេសថៃប្រៀបដូចជាអ្នកជំងឺម្នាក់ ដែលរងគ្រោះដោយសារជំងឺកូវីដ១៩ ធ្ងន់ធ្ងរ ត្រូវការ​ការព្យាបាលយ៉ាងយកចិត្តទុកដាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងបែបនេះ គឺទាក់ទងទៅនឹងគោលនយោបាយ​ផ្ដល់ប្រាក់ទៅកាន់ប្រជាជន​ប្រមាណ ៥៥លាននាក់ ដោយក្នុងម្នាក់ទទួលបានប្រហែល ២៨០ដុល្លារ ដើម្បីសម្រួលដល់កំណើន​សេដ្ឋកិច្ចក្នុងស្រុកវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

“ប្រទេសថៃគឺប្រៀបដូចជាអ្នកជំងឺម្នាក់ ដោយសារការរាតត្បាតកូវីដ១៩ ធ្វើឲ្យយើងខូចខាត​ច្រើនជាងគេ បើធៀបនឹងប្រទេសជិតខាង ហើយក៏ប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍ ដែលជាចលករសំខាន់ ក្នុងការជួយដល់សេដ្ឋកិច្ចយើងថែមទៀត”។ នេះបើតាមការអះអាងរបស់​លោក Srettha។

នាយករដ្ឋមន្ត្រីថៃរូបនេះ ក៏បានមានប្រសាសន៍ទៅកាន់រដ្ឋសភាថា៖ ការចំណាយ កំពុងងើបឡើង​វិញយឺត បណ្ដាលឲ្យកើតមានហានិភ័យវិបត្តិសេដ្ឋកិច្ច ដូច្នេះទើបតម្រូវឲ្យមានវិធានការ ជំរុញកំណើនសេដ្ឋកិច្ចជាបន្ទាន់។

សូមជម្រាបដែរថា គោលនយោបាយចែកប្រាក់ជូនប្រជាជនតាមរយៈប្រព័ន្ធឌីជីថល ប្រមាណ ៥៥លាននាក់នោះ រដ្ឋាភិបាលអាចនឹងចាយលុយប្រហែល ៥៦០ពាន់លានបាត ឬប្រមាណ ១៦លានដុល្លារ ខណៈ​ពលរដ្ឋដែលទទួលបានអត្ថប្រយោជន៍នេះ នឹងតម្រូវឲ្យចាយវាយលើការទិញទំនិញ និងសេវាកម្ម​នៅសង្កាត់រៀងៗខ្លួន ក្នុងរយៈពេល ៦ខែ៕