កំពុងជាប់ពន្ធនាគារ តែទ្រព្យសម្បត្តិមហាសេដ្ឋីកូរ៉េខាងត្បូងម្នាក់កើនជាង ៩០០%

អន្តរជាតិ

តម្លៃហ៊ុននៃក្រុមហ៊ុន Ecopro Co. បានកើនឡើងរហូតដល់ ៩១៩% បន្ទាប់ពីអាជីវកម្មរបស់ពួកគេ ផ្ទុះខ្លាំង ខណៈវាក៏ជាការកើនផលចំណេញខ្ពស់បំផុត សម្រាប់ក្រុមហ៊ុនដែលមានតម្លៃយ៉ាងតិច ១០ពាន់លានដុល្លារ ទូទាំងប្រទេសកូរ៉េខាងត្បូងផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ វាក៏បានជួយឲ្យទ្រព្យសម្បត្តិរបស់ម្ចាស់ក្រុមហ៊ុន លោក Lee Dong-chae កើនឡើងគួរឲ្យកត់សម្គាល់ ពោលកើនប្រហែល ៤,៥ពាន់លានដុល្លារ ដែលធ្វើឲ្យទ្រព្យសម្បត្តិ​របស់លោកនាពេលបច្ចុប្បន្ន មានសរុប ៤,៩ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Bloomberg Billionaires Index។

ដោយឡែក មូលហេតុដែលធ្វើឲ្យក្រុមហ៊ុនកើបផលចំណេញបានក្រាស់ក្រែលបែបនេះ គឺមកពីលោក Lee បានឡើងតវាក្ដីក្ដាំ ទាក់ទងនឹងករណីជួញដូរភាគហ៊ុន ដែលបណ្ដាលឲ្យលោក​ទទួលទោសជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងបង់ប្រាក់ពិន័យ ២,២ពាន់លានវ៉ុន ឬប្រមាណ ១,៧លានដុល្លារ។

បើទោះជាក្រុមហ៊ុនកំពុងមានសន្ទុះល្អប៉ុណ្ណា តែក្រុមបុគ្គលិកហាក់មិនសូវជាសប្បាយចិត្តឡើយ ពោលពួកគេកំពុងរង់ចាំលោក Lee ចេញពីពន្ធនាគារ ដើម្បីអាចដឹកនាំក្រុមការងារឡើងវិញ និងកាន់តែរីកចម្រើនជាងមុនទៀត។ នេះបើតាមសម្ដីរបស់អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយ។

សូមជម្រាបដែរថា លោក Lee បានលាលែងពីតំណែងជា CEO ប្រចាំក្រុមហ៊ុនកាលពីខែមីនា ឆ្នាំទៅ បន្ទាប់ពីរងការចោទប្រកាន់ពាក់ព័ន្ធនឹងករណីបន្លំទិន្នន័យផ្សារហ៊ុន ហើយកាលពីខែមុននេះ តុលាការកំពូលបានសម្រេចផ្ដន្ទាទោសលោក ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ៕