ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា គណៈប្រតិភូចិន ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Liu Guozhong នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងនាថ្ងៃសៅរិ៍សប្តាហ៍នេះ ដើម្បីចូលរួមក្នុងការប្រារព្ធខួបលើកទី ៧៥នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។
តាមរយៈរបាយការណ៍របស់ទីក្រុងព្យុងយ៉ាងបាននិយាយថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិន ដឹកនាំដោយលោក Liu គឺធ្វើឡើងតាមការអញ្ជើញរបស់គណបក្សពលករកូរ៉េ (WPK) ដែលកំពុងកាន់អំណាចដោយមេដឹកលោក គីម ជុងអ៊ុន ។
សូមជម្រាបដែរថា ដំណឹងនៃការបំពេញទស្សនកិច្ចរបស់គណៈប្រតិភូចិនទៅកាន់កូរ៉េខាងជើង កើតឡើងចំពេលមានការរំពឹងទុកថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងត្រៀមខ្លួនទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗ ដើម្បីជួបផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន លើគោលបំណងជំរុញកិច្ចចរចាលក់អាវុធរបស់កូរ៉េខាងជើង ទៅឲ្យរុស្ស៊ីដែលកំពុងធ្វើសង្គ្រាមជាមួយអ៊ុយក្រែន៕