អាជ្ញាធរម៉ាឡេស៊ី កាលពីពេលថ្មីៗនេះ បានសម្រេចលុបចោលបម្រាមក្នុងនាំចូលសត្វគោរស់ពីប្រទេសអូស្រ្តាលីឡើងវិញ បន្ទាប់ពីបានផ្អាកអស់មួយរយ: ដោយសារតែជំងឺឆ្លងដែលអាចនាំឱ្យមានគ្រោះថ្នាក់ ដល់សត្វពាហន:។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
ម៉ាឡេស៊ី បានសម្រេចផ្អាកការនាំចូលនេះ កាលពីខែមុន ដែលជាផ្នែកមួយនៃវិធានការប្រុងប្រយ័ត្នរបស់ខ្លួន បន្ទាប់ពីជំងឺឆ្លងលើស្បែក (LSD) ត្រូវបានរកឃើញនៅលើសត្វគោមួយចំនួន ដែលដឹកមកដល់ប្រទេសជិតខាងឥណ្ឌូនេស៊ី ពីអូស្ត្រាលី ។
យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តបើកឱ្យមានការនាំចូលឡើងវិញនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីម៉ាឡេស៊ី ទទួលបានរបាយការណ៍ស៊ើបអង្កេតពេញលេញ ពីសំណាក់អាជ្ញាធរអូស្ត្រាលី ដើម្បីធានាបាននូវសុវត្ថិភាព និងរួមទាំងការពិភាក្សាដែលត្រូវបានធ្វើឡើងរវាងភាគីប្រទេសទាំងពីរ ផងដែរ។
ជម្រាបជូនផងដែរថា ជំងឺឆ្លងនេះ ប៉ះពាល់យ៉ាងខ្លាំងដល់សត្វគោ និងក្របី ដែលបណ្តាលឱ្យមានពងបែក និងកាត់បន្ថយការផលិតទឹកដោះ និងត្រូវបានចម្លងដោយសត្វល្អិតខាំ ប៉ុន្តែវាមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ ៕