ថៃ ពន្លឿនការដាក់ឱ្យប្រើប្រព័ន្ធទូទាត់ឌីជីថលក្នុងជួររដ្ឋាភិបាល ដើម្បីប្រឆាំងអំពើពុករលួយ

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃថ្មី លោក Srettha Thavisin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា រដ្ឋាភិបាលថ្មីរបស់លោក នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល នៅក្នុងវិស័យរដ្ឋ ដែលជាវិធានការសំខាន់មួយ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនាមជាអតិបតីក្នុងពិធីបើកព្រឹត្តិការណ៍ទិវាប្រឆាំងអំពើពុករលួយ ដែលរៀបចំឡើងដោយអង្គការប្រឆាំងអំពើពុករលួយនៃប្រទេសថៃ (ACT) លោក Srettha បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយ គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពផ្សេងទៀតរបស់រដ្ឋាភិបាល។

ដើម្បីអាចលុបបំបាត់អំពើពុករលួយបាន រដ្ឋាភិបាល កំពុងព្យាយាមស្វែងរកនូវការដាក់ឱ្យដំណើរការបច្ចេកវិទ្យាថ្មី ដើម្បីអាចធ្វើការទូទាត់ប្រកបដោយតម្លាភាពកាន់តែច្រើនជាងមុន នៅក្នុងការគ្រប់គ្រងរបស់រដ្ឋ។

នាយករដ្ឋមន្ត្រីថ្មីរូបនេះ បានបន្ថែមទៀតថា រដ្ឋាភិបាលថៃនឹងពន្លឿនការកែសម្រួលច្បាប់ ដើម្បីទប់ទល់ទៅនឹងការស៊ីសំណូក ហើយនឹងដោះស្រាយឱ្យបានឆាប់រហ័សចំពោះអ្នកដែល​ប្រព្រឹត្ត​អំពើពុករលួយ។

ចំពោះការដាក់ឱ្យដំណើរការបច្ចេកវិទ្យាថ្មីនេះ ក៏នឹងអាចជួយរដ្ឋាភិបាល ក្នុងការឃ្លាំមើលដិតដល់ចំពោះមន្ត្រីជាន់ខ្ពស់របស់រដ្ឋផងដែរ ដោយតម្រូវឱ្យប្រកាសអំពីទំហំទ្រព្យសម្បត្តិរបស់មន្ត្រីទាំងនោះ ដើម្បីឱ្យ​សាធារណជន​ទូទៅ អាចចូលទៅឆែកមើលបាន។

ទន្ទឹមនឹងនេះ បច្ចេកវិទ្យាក៏អាចជំរុញឱ្យមានតម្លាភាពបន្ថែម ជាពិសេទៅលើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងត្រូវប្រើប្រាស់ក្នុងវិស័យរដ្ឋ ជំនួសសាច់ប្រាក់សុទ្ធ ដើម្បីផ្តល់ភាពងាយស្រួលដល់ការតាមដាន ផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក Srettha៕