គោលនយោបាយចែកលុយឌីជីថល ១ម៉ឺនបាត របស់បក្សភឿថៃ រំពឹងជួយកំណើនសេដ្ឋកិច្ចដល់ ៥%

អន្តរជាតិ

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Julapun Amornvivat បាននិយាយថា គោលនយោបាយរបស់គណបក្សភឿថៃ ក្នុងការចែកលុយឌីជីថលដល់ពលរដ្ឋម្នាក់ៗ ក្នុងចំនួន ១ម៉ឺនបាត អាចនឹងរួមចំណែកដល់កំណើន GDP យ៉ាងហោចណាស់ ៥%​ នៅក្នុងឆ្នាំ ២០២៤ ខាងមុខ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Julapun បានមានប្រសាសន៍ទៀតថា ការចែកចាយលុយតាមរយ:រូបិយប័ណ្ណឌីជីថលដ៏ច្រើននេះ អាចនឹងផ្តល់សន្ទុះដល់សេដ្ឋកិច្ច ក្រោយពីមានវិធានការជំរុញផ្សេងៗទៀត ដែលត្រូវបានដាក់ចេញ ដូចជាការបង្កើនប្រាក់ចំណូលតាមរយ: ការ​ដំឡើង​ថ្លៃលើផលិតផលកសិកម្មជាដើម។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះ បានបន្តទៀតថា ៖ ” គំនិតចម្បងនៃគោលនយោបាយនេះ គឺមានបំណងជំរុញកំណើនសេដ្ឋកិច្ច GDP យ៉ាងហោចណាស់ ៥% ដែលយើងរំពឹងទុកថា អាចនឹងសម្រចបាន នៅក្នុងឆ្នាំ ២០២៤ ខាងមុខ ” ។

ជុំវិញការអនុវត្តលើគោលនយោបាយថ្មីនេះ អាចនឹងឃើញសាច់ប្រាក់ជាច្រើនចរាចរនៅលើទីផ្សារ ដែលមានចំនួនយ៉ាងហោចណាស់ ២ទ្រីលានបាត ហើយទឹកប្រាក់ប្រហែល ៣០ពាន់លានបាត នៃពន្ធលើតម្លៃបន្ថែម (VAT) រំពឹងថាអាចនឹងប្រមូលបានពីការទិញទំនិញ និងសេវាកម្ម។ នេះបើតាមការបញ្ជាក់ពីលោកJulapun ។

គួរឱ្យដឹងថា គម្រោងនេះ នឹងមិនតម្រូវឱ្យមានការចុះឈ្មោះណាមួយនោះឡើយ ដោយអ្នកប្រើប្រាស់គ្រាន់តែត្រូវទាញយកកម្មវិធី ដែលរដ្ឋាភិបាលបានបង្កើតឡើង និងគោរពតាមលក្ខខណ្ឌ ដើម្បីទទួលបានចំណែកលុយរបស់ពួកគេ ខណ:គោលនយោបាយនេះ ត្រូវបានរំពឹងទុកថា នឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅក្នុងត្រីមាសទីមួយ នៃឆ្នាំ ២០២៤ ខាងមុខ៕