នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកបានជជែកគ្នាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang ក្នុងកិច្ចប្រជុំក្រៅផ្លូវការមួយ មុនកិច្ចប្រជុំកំពូលអាស៊ានបូកបី ចំពោះការបង្ហូរទឹកវិទ្យុសកម្មដែលបានបន្សុទ្ធរួច ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។
ក្នុងអំឡុងកិច្ចពិភាក្សានោះ លោក Kishida បានពន្យល់ពីគោលជំហរខ្លីៗរបស់ប្រទេសជប៉ុនដល់លោក Li លើការបង្ហូរទឹកដែលបានបន្សុទ្ធរួច ថាវាពិតជាមានសុវត្ថិភាព ដោយត្រូវបានធានាតាមបែបវិទ្យាសាស្ត្រ និងសំណូមពរអោយប្រទេសចិនមានការយោគយល់ ក៏ដូចជាកុំមានការព្រួយបារម្ភ។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីចិនក៏បាននិយាយថា៖ ការបង្ហូរទឹកបែបនេះ វាអាចប៉ះពាល់ដល់បរិស្ថានសមុទ្រពិភពលោក សុខភាពសាធារណៈ និងផលប្រយោជន៍របស់កូនចៅជំនាន់ក្រោយ។
បន្ថែមពីនោះ លោកបានបន្តថា ប្រទេសជប៉ុនគួរតែបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ដោយគួរណាស់តែពិគ្រោះជាមួយភាគីពាក់ព័ន្ធ ក៏ដូចជាប្រទេសជិតខាង អោយបានពេញលេញ និងដោះស្រាយបញ្ហានេះដោយទំនួលខុសត្រូវ។
រំលឹកបន្តិចថា ប្រទេសជប៉ុនបានចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្ម ដែលធានាថាបានបន្សុទ្ធរួចនោះ ចូលទៅក្នុងមហាសមុទ្រកាលពីខែមុន ដែលនាំឲ្យប្រទេសជិតខាងដូចជាចិនជាដើម ធ្វើការរិះគន់យ៉ាងខ្លាំង និងបានចាត់វិធានការផ្អាកការនាំចូលជលផលទាំងអស់់ពីប្រទេសជប៉ុនផងដែរ៕