នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រាប់ទៅកាន់រដ្ឋមន្ត្រីថា លោកនឹងបើកការរុះរើគណៈរដ្ឋមន្ត្រីនាថ្ងៃទី ១៣ ខែកញ្ញាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NHK។
ជាមួយគ្នានោះ គេហទំព័រ CNA បានរាយការណ៍ថា ការវាយតម្លៃរបស់លោក Kishida មានការធ្លាក់ចុះជាខ្លាំង បន្ទាប់ពីមន្ត្រីក្រោមបង្គាប់ ហាក់ធ្វើខុសគោលនយោបាយជាច្រើនសារ ដូចជាមានកំហុសក្នុងការអនុវត្តគោលនយោបាយ ដើម្បីរួមបញ្ចូលទិន្នន័យពន្ធ និងសន្តិសុខសង្គមរបស់ប្រជាជនទៅក្នុងអត្តសញ្ញាណប័ណ្ណតែមួយ។
មិនតែប៉ុណ្ណោះ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក៏មានព័ត៌មានអាក្រក់ថែមទៀត ដោយអតីតសមាជិកគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច លោក Masatoshi Akimoto ត្រូវបានចាប់ខ្លួនពីបទសង្ស័យទទួលសំណូក។
សូមជម្រាបដែរថា យោងតាមការស្រង់មតិពីសារព័ត៌មានYomiuri កាលពីចុងខែសីហាបានឲ្យដឹងថា មានមតិ ៣៥% ឯកភាពជាមួយនឹងការដឹកនាំរបស់លោក Kishida ខណៈមតិប្រឆាំងវិញ មានរហូតដល់ ៥០% ឯណោះ៕