ប្រទេសវៀតណាម និងសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការថ្មីមួយ ដែលធ្វើឲ្យមហាអំណាចលោកខាងលិច ក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសនៅអាស៊ានមួយនេះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន The Financial Times បានបង្ហាញថា កិច្ចព្រមព្រៀងកំពូលរវាងអាមេរិក និងវៀតណាម ត្រូវបានចុះនៅថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានមកបំពេញទស្សនកិច្ចនៅវៀតណាមភ្លាមៗ ក្រោយបញ្ចប់ភារកិច្ចនៅកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌា។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានពណ៌នាអំពីភាពជាដៃគូជាមួយអាមេរិកថា កំពុងរីកដុះដាលខ្លាំង ស្របពេលមេដឹកនាំលោកខាងលិច ចាត់ទុកវៀតណាម ជាប្រទេសមានឥទ្ធិពលបំផុតមួយនៅលើលោក និងជាប្រទេសមានសក្ដានុពលបំផុតមួយប្រចាំអាស៊ាន។
សូមជម្រាបដែរថា អាមេរិកបានក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់វៀតណាមចុងក្រោយបង្អស់ ខណៈកន្លងមកមានតែចិន រុស្ស៊ី ឥណ្ឌា និងកូរ៉េខាងត្បូងប៉ុណ្ណោះ ដែលជាប់នៅក្នុងបញ្ជីមួយនេះ៕