សហរដ្ឋអាមេរិក និងប្រទេសវៀតណាម បានប្រកាសពីកិច្ចសហប្រតិបត្តិការថ្មីជាច្រើន អំឡុងពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ កាលពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញាម្សិលមិញ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន The Jakartapost បានបង្ហាញថា អាមេរិក និងវៀតណាម សម្រេចបានកិច្ចព្រមព្រៀងតម្លៃរាប់ពាន់លានដុល្លារឯណោះ ដែលមានដូចជា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានបញ្ជាទិញយន្តហោះប្រភេទ Boeing 737 Max ក្នុងតម្លៃ ៧,៥ពាន់លានដុល្លារ និងបង្កើនឱកាសការងារដោយផ្ទាល់ និងប្រយោលប្រហែល ៣៣ ០០០កន្លែង នៅអាមេរិក។
បន្ថែមពីនោះ ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិកដូចជា Amkor, Marvell និង Synopsys ក៏សន្យាបន្កើនការវិនិយោគនៅវៀតណាមផងដែរ ដោយគ្រោងនឹងសាងសង់រោងចក្រផលិតបន្ទះឈីបនៅទីក្រុងហូជីមិញ និងសៃហ្គនថែមទៀត។
ប្រទេសទាំង២ ក៏បានពិភាក្សាគ្នាអំពីបញ្ហាសិទ្ធមនុស្ស ខណៈកន្លងមកអាមេរិក និងអង្គការសហប្រជាជាតិ ធ្លាប់បានរិះគន់លើវៀតណាម ជុំវិញការឃុំខ្លួនសមាជិកនៃក្រុមការពារបរិស្ថាន ដែលរដ្ឋាភិបាលវៀតណាម បានធ្វើកន្លងមក។
ជាមួយគ្នានោះ អាមេរិកក៏បានជជែកជាមួយវៀតណាមអំពីបញ្ហានេសាទខុសច្បាប់ ដោយសន្យាជួយការពារវៀតណាម ក្នុងការប្រឆាំងនឹងការនេសាទខុសច្បាប់នានា ខណៈកន្លងមកវៀតណាម និងចិន ក៏ធ្លាប់ទាស់សម្ដីគ្នា លើបញ្ហាដែនទឹកនៅសមុទ្រចិនខាងត្បូងផងដែរ។
សូមជម្រាបបន្ថែមថា អាមេរិកក៏បានផ្ដល់ជំនួយបន្ថែម ២៥លានដុល្លារ ដើម្បីជួយវៀតណាមក្នុងការស្វែងរកគ្រាប់មិនទាន់ផ្ទុះ ដែលសេសសល់ពីសង្គ្រាមវៀតណាមថែមទៀត៕