ក្រសួងហិរញ្ញវត្ថុប្រទេសហ្វីលីពីន បានដាក់សំណើជាច្រើនក្នុងការរកមធ្យោបាយកាត់បន្ថយការឡើងថ្លៃទំនិញ ដែលអាចធ្វើឲ្យមានវិបត្តិអតិផរណាកាន់តែខ្ពស់ ហើយក្នុងនោះរួមមានការសំណូមពរ ឲ្យកាត់បន្ថយពន្ធនាំចូលអង្ករថែមទៀត។
រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Benjamin Diokno បានបង្ហើបថា រដ្ឋមន្ត្រីនៃក្រសួងហិរញ្ញវត្ថុ និងផែនការសេដ្ឋកិច្ច កំពុងដាក់សំណើកាត់បន្ថយការយកពន្ធនាំចូលអង្ករ ពី៣៥% មកនៅចន្លោះពីសូន្យ ដល់ ១០% ដើម្បីទប់ស្កាត់ការឡើងថ្លៃទំនិញរាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
គួររំលឹកដែរថា តាមរយៈការកែប្រែច្បាប់កាលពីឆ្នាំ២០២១ ពន្ធនាំចូលអង្ករពីក្រៅបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ត្រូវបានធ្លាក់ពីចន្លោះ ៤០ ទៅ ៥០% មកនៅត្រឹម ៣៥%។
សូមជម្រាបបន្ថែមថា ហ្វីលីពីនគឺជាប្រទេសនាំចូលអង្ករច្រើនបំផុតមួយនៅលើលោក ហើយកាលពីខែសីហាកន្លងទៅ ក្រសួងកសិកម្មហ្វីលីពីនបានដាក់សំណើឲ្យមានការនាំចូលអង្ករ ៥០០ ០០០តោន ចន្លោះពីខែវិច្ឆិកា ដល់ខែមករាឆ្នាំក្រោយ ដោយសារផលប៉ះពាល់នៃគ្រោះរាំងស្ងួត El Nino៕