ខណ:ពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រៀមជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សហរដ្ឋអាមេរិក បានធ្វើការគម្រាមថានឹងអនុវត្តទណ្ឌកម្មដែលមានស្រាប់ និងបន្ថែមទណ្ឌកម្មថ្មី ប្រសិនបើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ចុះកិច្ចព្រមព្រៀងលក់អាវុធ ទៅឱ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូ ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋជប៉ុន បានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាជើង បានទៅដល់ប្រទេសរុស្ស៊ីហើយ សម្រាប់អ្វីដែលវិមានក្រឹមឡាំង និយាយថា នឹងក្លាយជាការពិភាក្សាដ៏ទូលំទូលាយ ជាមួយប្រធានាធីបតី លោក ពូទីន ។
ជុំវិញដំណើរទស្សនកិច្ចនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមរិក លោក Matthew Miller បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងបន្តមើលការខុសត្រូវ ចំពោះអង្គភាពណាមួយ ដែលចូលរួមពាក់ព័ន្ធជាមួយនឹងយោធារបស់រុស្ស៊ី ជុំវិញការបង្ករសង្គ្រាមនៅអ៊ុយក្រែន។
លោក Miller បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ៖ ” ខ្ញុំនឹងបន្តក្រើនរំលឹកដល់ប្រទេសទាំងពីរថា ការជួញដូរអាវុធពីកូរ៉េខាងជើងទៅកាន់រុស្ស៊ី នឹងក្លាយជារឿងដែលបំពានទៅលើដំណោះស្រាយជាច្រើន របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ “។
“ ពិតណាស់ ពួកយើងបានអនុវត្តទណ្ឌកម្មរបស់យើងយ៉ាងចាស់ដៃ ប្រឆាំងទៅនឹងអង្គភាព ដែលផ្តល់មូលនិធិដល់ការបង្ករសង្គ្រាមរបស់រុស្ស៊ី ហើយយើងនឹងបន្តអនុវត្តទណ្ឌកម្មទាំងនោះ ខណ:យើងក៏នឹងមិនស្ទាក់ស្ទើរក្នុងការបន្ថែមទណ្ឌកម្មថ្មីផងដែរ ប្រសិនបើមានរឿងមិនសមស្របណាមួយ ” ។
ជម្រាបជូនផងដែរថា ទាំងរុស្ស៊ី និងកូរ៉េខាងជើងកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ពីសំណាក់អាមេរិករួចទៅហើយ ស្របពេលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងតាមដានស្ថានការណ៍ ហើយនឹងរង់ចាំមើលលទ្ធផលនៃកិច្ចប្រជុំនេះនឹងទៅជាយ៉ាងណា មុននឹងឈានដល់ការដាក់ទណ្ឌកម្មថ្មីបន្ថែម ៕