ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បាននិយាយកាលពីថ្ងៃចន្ទមិ្សលមិញថា ប្រទេសរបស់ខ្លួន កំពុងសម្លឹងមើលការនាំចូលអង្ករពីប្រទេសឥណ្ឌា និងចិន បន្ថែម ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលកំពុងកើនឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
លោក វីដូដូ បានបង្ហើបឱ្យដឹងថា ឥណ្ឌូនេស៊ី បច្ចុប្បន្នមានអង្ករចំនួន ២ លានតោន នៅក្នុងស្តុក ដែលវានឹងគ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការនាពេលបច្ចុប្បន្ននេះ។
តែទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់ថា ការនាំចូលនៅតែចាំបាច់ ដើម្បីដោះស្រាយផលប៉ះពាល់ដោយសារតែបាតុភូតរាំងស្ងួត El Nino នៅឆ្នាំនេះ និងដើម្បីធានាដល់ការផ្គត់ផ្គង់រហូតដល់ឆ្នាំក្រោយ ។
លោក វីដូដូ ក៏បានទទួលស្គាល់ថា លោកបានពិភាក្សាជាមួយមេដឹកនាំប្រទេសអាស៊ីមួយចំនួន រួមមាន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ប្រធានាធិបតីបង់ក្លាដែស លោក Mohamed Shahabuddin នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងនាយករដ្ឋមន្ត្រីចិន លោក Li Qiang ផងដែរ អំពីឱកាសនាំចូលអង្ករបន្ថែម។
ជម្រាបជូនផងដែរថា ឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើកិច្ចសន្យាក្នុងការនាំចូលអង្ករចំនួន ៤០០ ០០០ តោន ពីប្រទេសមួយចំនួន ដោយក្នុងនោះភាគច្រើននាំចូលពីកម្ពុជា ហើយអង្ករដែលបានបញ្ជាទិញនោះ នឹងមកដល់ឥណ្ឌូនេស៊ី ក្នុងរយ:ពេលប៉ុន្មានថ្ងៃខាងមុខ៕