មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារម្សិលមិញនេះ តាមរយៈការជិះរថភ្លើងពាសដែក ប៉ុន្តែមកទល់នឹងពេលនេះ លោក គីម នៅមិនទាន់បានជួបមុខមិត្តសម្លាញ់ ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

ជាមួយគ្នានោះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក៏បានរាយការណ៍ដែរថា រថភ្លើងពាសដែករបស់លោក គីម បានចាកចេញពីទីក្រុង Khasan និងបន្តដំណើរទៅមុខទៀត ប៉ុន្តែមិនបញ្ជាក់ពីគោលដៅនោះទេ។
ទន្ទឹមនឹងនេះ ក៏មានការសន្និដ្ឋានជាច្រើនថា មេដឹកនាំកូរ៉េខាងជើង នឹងជួបជាមួយពូទីន នៅទីក្រុង Vladivostok ដែលប្រធានាធិបតីរុស្ស៊ី កំពុងមានវត្តមាននៅទីនោះ សម្រាប់វេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៨។

ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា លោក គីម ពិតជាបានចូលមកដល់ប្រទេសរុស្ស៊ីមែន ខណៈរថភ្លើងរបស់លោកកំពុងធ្វើដំណើរ ឆ្ពោះទៅទិសខាងជើង ដែលវាឆ្ងាយពីទីក្រុង Vladivostok។
សារព័ត៌មានក្នុងប្រទេសរុស្ស៊ីខ្លះ បានចុះផ្សាយថា មេដឹកនាំកូរ៉េខាងជើង ទំនងធ្វើដំណើរទៅកាន់មូលដ្ឋានយានអវកាស Vostochny ដែលប្រធានាធិបតីរុស្ស៊ីគ្រោងនឹងបំពេញទស្សនកិច្ចនាពេលឆាប់ៗ។
សូមជម្រាបដែរថា អ្នកនាំពាក្យ Peskov បានបញ្ជាក់ថា លោក វ៉្លាឌីមៀ ពូទីន និងលោក គីម ជុងអ៊ុន នឹងត្រូវជួបមុខគ្នា បន្ទាប់ពីបញ្ចប់វេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៨ នាថ្ងៃនេះ ដូច្នេះកិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងជើង និងរុស្ស៊ី អាចនឹងលេចរូបរាងនាពេលដ៏ខ្លីខាងមុខ៕