នារសៀលថ្ងៃទី១៣ ខែកញ្ញានេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបើកកិច្ចពិភាក្សាផ្លូវការជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯមូលដ្ឋានយានអវកាស Vostochny Cosmodrome ដោយនឹងជជែកគ្នាលើបញ្ហារសើបមួយចំនួន។ នេះបើតាមការបង្ហើបឲ្យដឹងពីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax។

អ្នកនាំពាក្យរូបនេះក៏បានបន្ថែមថា ចំណុចរសើបដែលប្រធានាធិបតីរុស្ស៊ី នឹងជជែកជាមួយលោក គីម នឹងត្រូវរក្សាជាការសំងាត់ ពោលមិនបង្ហើបឲ្យដឹងជាសាធារណៈឡើយ។

សូមជម្រាបដែរថា ការលើកឡើងបែបនេះរបស់លោក Peskov គឺនៅពេលដែលក្រុមអ្នកសារព័ត៌មានចោទសួរលោក ថា តើលោក គីម និងលោក ពូទីន នឹងជជែកគ្នាពីបញ្ហាទិញសព្វាវុធ ដូចដែលលោកខាងលិចធ្លាប់បានអះអាងមែន ឬយ៉ាងណា។
រំលឹកបន្តិចថា កន្លងមកសហរដ្ឋអាមេរិកបានអះអាងច្បាស់ៗថា ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី គឺដើម្បីចរចាលក់អាវុធឲ្យទៅសម្ព័ន្ធមិត្តរបស់ខ្លួន ដែលកំពុងខ្វះគ្រាប់កាំភ្លើង ក្នុងការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន៕