នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយនៅថ្ងៃពុធទី១៣ ខែកញ្ញានេះថា ប្រទេសរបស់ខ្លួន នឹងលើកលែងទិដ្ឋាការរយ:ពេល ៦ ខែ សម្រាប់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន ដោយនឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកញ្ញាតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nations ។
ជុំវិញផែនការថ្មីនេះ គឺស្ថិតនៅក្នុងចំណោមគំនិតផ្តួចផ្តើមមួយចំនួនផ្សេងទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសមកពីប្រទេសចិន ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសថៃ ។
ក្នុងនាមជាប្រធាននៃកិច្ចប្រជុំគណ:រដ្ឋមន្ត្រីលើកដំបូង លោក Srettha បានមានប្រសាសន៍ថា ចិន និងកាហ្សាក់ស្ថាន ត្រូវបានដាក់បញ្ចូលក្នុងចំណោមប្រទេសជាង ៦០ ផ្សេងទៀត ដែលពុំចាំបាច់ត្រូវដាក់ពាក្យស្នើសុំទិដ្ឋាការជាមុន ឬត្រូវបង់ថ្លៃសេវាធ្វើទិដ្ឋាការនោះឡើយ ពេលធ្វើដំណើរមកកាន់ប្រទេសថៃ ។
ជម្រាបជូនផងដែរថា ផែនការថ្មីនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីបានមើលឃើញថាភ្ញៀវទេសចរចិន បានមកដល់ប្រទេសថៃ ត្រឹមតែ ២ លាននាក់ប៉ុណ្ណោះ ចន្លោះខែមករា ដល់ខែកក្កដាឆ្នាំនេះ ពោលគឺតិចជាងចំនួន ដែលក្រសួងទេសចរណ៍ និងកីឡាថៃ បានព្យាករទុកចន្លោះពី ៥ ទៅ ៧ លាននាក់ ៕