ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតទី៣ លើពិភពលោក GlobalFoundries កាលពីថ្ងៃអង្គារ បានបើកដំណើរការរោងចក្រតម្លៃ ៤ពាន់លានដុល្លារ នៅក្នុងប្រទេសសិង្ហបុរី ដែលជាផ្នែកមួយនៃការពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់លើសកលលោករបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
រោងចក្រថ្មីរបស់អាមេរិក ដែលលាតសន្ធឹងលើផ្ទៃដី ២៣ ០០០ ម៉ែត្រការ៉េនេះ នឹងមានសមត្ថភាពអាចផលិតបន្ទះឈីប semiconductor បានចំនួន ៤៥០ ០០០ ក្នុងមួយឆ្នាំ នៅពេលវាដំណើរការពេញលេញ ហើយនឹងអាចបង្កើតការងារថ្មីៗបានចំនួន ១ ០០០ កន្លែង ផងដែរ ។
លោក Tan Yew Kong អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន GlobalFoundries ប្រចាំប្រទេសសិង្ហបុរី បានប្រាប់អ្នកយកព័ត៌មានថា ប្រសិនបើរោងចក្រថ្មីនេះ ដំណើរការពេញលេញ នោះក្រុមហ៊ុន នឹងអាចទទួលបានប្រហែល ៤៥% នៃប្រាក់ចំណូលសរុប ខណ:ពេលដែលតម្រូវការសកល សម្រាប់បន្ទះឈីប រំពឹងថានឹងអាចកើនឡើង នៅឆមាសទី២ ឆ្នាំ ២០២៤ ខាងមុខ។
ជម្រាបជូនផងដែរថា GlobalFoundries ជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេទី៣ របស់ពិភពលោក ដោយផ្នែកលើប្រាក់ចំណូល តាមពីក្រោយក្រុមហ៊ុន TSMC របស់តៃវ៉ាន់ និងក្រុមហ៊ុន Samsung Electronic របស់កូរ៉េខាងត្បូង។ នេះបតាមទិន្នន័យទទួលបានពីស្ថាប័នស្រាវជ្រាវទីផ្សារ Trendforce៕