កូរ៉េខាងជើងអះអាងថា ប្រធានាធិបតីរុស្ស៊ីយល់ព្រមការអញ្ជើញធ្វើទស្សនកិច្ចពីលោក គីម ជុងអ៊ុន

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានយល់ព្រមទទួលយកការអញ្ជើញធ្វើទស្សនកិច្ចនៅ​កូរ៉េខាងជើង ពីមេដឹកនាំ គីម ជុងអ៊ុន បន្ទាប់ពីមេដឹកនាំទាំង២ បញ្ចប់ការទទួលទានអាហារពេល​ល្ងាច រៀបចំឡើងដោយរដ្ឋាភិបាលរុស្ស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីកាសែតរដ្ឋ KCNA បានរាយការណ៍ថា លោក ពូទីន យល់ព្រមការអញ្ជើញពីលោក គីម ដោយក្ដីរីករាយ ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បែរជាប្រាប់បណ្ដាញសារព័ត៌មានថា បច្ចុប្បន្នប្រធានាធិបតីរុស្ស៊ី មិនមានផែនការ​បំពេញទស្សនកិច្ចទៅទីក្រុងព្យុងយ៉ាងឡើយ។

រំលឹកបន្តិចថា កាលពីថ្ងៃទី១៣ ខែកញ្ញាម្សិលមិញ មេដឹកនាំប្រទេសទាំង២ បានជួបជជែកគ្នាទល់​មុខ ជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ ហើយគេគ្រាន់តែដឹងថា លោក គីម និងលោក ពូទីន ពិភាក្សាពីបញ្ហាសន្តិសុខ និងសន្តិភាពក្នុងតំបន់ ខណៈព័ត៌មានលំអិតផ្សេងៗ ត្រូវបានរក្សា​ការសំងាត់។

ជម្រាបបន្ថែមថា អំឡុងពេលកិច្ចប្រជុំជាមួយមេដឹកនាំរុស្ស៊ី លោកគីម បានអះអាងថា លោកនឹងគាំទ្រដោយគ្មានលក្ខខណ្ឌ សម្រាប់ការធ្វើសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយបានហៅវាថា ជាការប្រយុទ្ធដើម្បីការពារបូរណភាពទឹកដី ប្រឆាំងនឹងចក្រពត្តិនិយម និងលោកខាងលិច៕