ប្រធាននាយកដ្ឋានស៊ើបការណ៍សំខាន់របស់អ៊ុយក្រែន លោក Kyrylo Budanov បានអះអាងថា កូរ៉េខាងជើង បានកំពុងផ្គត់ផ្គង់គ្រាប់កាំភ្លើងទៅឲ្យប្រទេសរុស្ស៊ី រយៈពេលជាងមួយខែមកហើយ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ Ukrinform។

លោក Kyrylov បាននិយាយថា៖ កូរ៉េខាងជើង បានផ្គត់ផ្គង់គ្រាប់កាំភ្លើងប្រភេទ ១២២ម.ម និង ១៥២ម.ម គ្រាប់រ៉ុកកែត គ្រាប់បែក និងរ៉ុកកែតប្រដេញ រយៈពេល ១ខែកន្លះហើយ ទៅកាន់ប្រទេសរុស្ស៊ី។
ប្រធាននាយកដ្ឋានស៊ើបអង្កេតអ៊ុយក្រែន បន្ថែមទៀតថា៖ គ្រាប់កាំភ្លើងពីប្រទេសកូរ៉េខាងជើង នឹងជួយឲ្យរុស្ស៊ី មានពេលវេលាគ្រប់គ្រាន់ សម្រាប់ឲ្យឧស្សាហកម្មការពារជាតិរបស់ពួកគេ អាចផលិតនូវសព្វាវុធ តាមអ្វីដែលកងយោធាចង់បាន។
ជាមួយគ្នានោះ ទាំងរុស្ស៊ី និងកូរ៉េខាងជើងបានច្រានចោលនូវការចោទប្រកាន់ពីសំណាក់លោកខាងលិច ដែលថា កូរ៉េខាងជើងកំពុងផ្គត់ផ្គង់សព្វាវុធទៅឲ្យរុស្ស៊ី ខណៈអាមេរិកគម្រាមថា នឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរ បើសិនជាមានការចុះកិច្ចព្រមព្រៀងលក់ដូរអាវុធ រវាងប្រទេសទាំង២ នេះ។

សូមជម្រាបដែរថា បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង និងរុស្ស៊ីបញ្ចប់កិច្ចពិភាក្សាកាលពីម្សិលមិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអះអាងថា មេដឹកនាំទាំង២ នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងអ្វីទាំងអស់ ដោយគ្រាន់តែពិភាក្សាពីកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ខណៈបច្ចុប្បន្នលោក គីម ជុងអ៊ុន កំពុងបន្តបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅឡើយ៕