រដ្ឋមន្ត្រីការបរទេសរបស់តៃវ៉ាន់ បានធ្វើការរិះគន់ទៅលើលោក Elon Musk បន្ទាប់ពីអះអាងថា តៃវ៉ាន់ គឺជាផ្នែកដ៏សំខាន់មួយដែលមិនអាចបំបែកបានរបស់ប្រទេសចិន ស្របពេលមហាសេដ្ឋីអាមេរិករូបនេះ ហាក់កំពុងព្យាយាមលូកដៃចូលទៅក្នុងបញ្ហាទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងតៃប៉ិ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
លោក Musk ដែលជាម្ចាស់ក្រុមហ៊ុនបណ្តាញសង្គម X ក៏ដូចជាក្រុមហ៊ុនរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនផ្កាយរណប Starlink បាននិយាយយ៉ាងដូច្នេះ នៅក្នុងអំឡុងជំនួបកំពូល All-In Summit នៅទីក្រុង Los Angeles ។
ដោយបានប្រៀបធៀបតៃវ៉ាន់ ទៅនឹងកោះហាវ៉ៃ លោក Musk បាននិយាយថា ៖ ” ខ្ញុំគិតថា ខ្ញុំយល់អំពីចិនបានយ៉ាងល្អ។ ហើយតៃវ៉ាន់ ជាផ្នែកមួយដែលមិនអាចបំបែកចេញពីចិនបាននោះឡើយ “។
ក្រោយពីលោក Musk បានធ្វើការអះអាងបែបនេះ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានបង្ហាញពីប្រតិកម្មភ្លាមៗ ដោយចំអកវិញថា ៖ ” ខ្ញុំសង្ឃឹមថា លោក Musk អាចស្នើសុំឱ្យចិន បើកបណ្តាញអង្គម X ឱ្យប្រជាជនចិនប្រើប្រាស់បាន ” ។
គួរឱ្យដឹងថា ចិនបានបិទបណ្តាញសង្គម X របស់លោក Musk រួមទាំងបណ្តាញសង្គមធំៗរបស់ប្រទេសលោកខាងលិចផ្សេងទៀត ដូចជា Facebook ផងដែរ ។
ទន្ទឹមនឹងនេះ លោក Wu បានសង្កត់ធ្ងន់ទៀតថា ៖ ” ចូរស្តាប់! តៃវ៉ាន់មិនមែនជាផ្នែករបស់សាធារណរដ្ឋប្រជាមានិតចិននោះឡើយ និងប្រាកដជាមិនដាក់លក់ជាដាច់ខាត ” ។
ជម្រាបជូនផងដែរថា រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់តៃវ៉ាន់ បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការទាមទារអធិបតេយ្យភាពរបស់ចិន ហើយនិយាយទៀតថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចពីអនាគតរបស់ពួកគេបាន ៕