UN អំពាវនាវឲអាមេរិក ដាក់ទណ្ឌកម្មលើប្រភពចំណូលដ៏សំខាន់ របស់របបយោធាមីយ៉ាន់ម៉ា

អន្តរជាតិ

កាលពីថ្ងៃពុធ ទី១៣ ខែកញ្ញា អ្នកជំនាញសិទ្ធមនុស្សនៅអង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវដើម្បីជំរុញអោយសហរដ្ឋអាមេរិក បន្តរឹតបន្តឹងបន្ថែមដល់មេដឹកនាំរបបយោធា ក្នុងការដាក់ទណ្ឌកម្មលើប្រភពចំណូលដ៏សំខាន់របស់ពួកគេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតីតសមាជិកសភាអាមេរិក និងជាអ្នករាយការណ៍ពិសេសរបស់ UN លោក​ Tom Andrew បាននិយាយថា៖ ពួកយើងត្រូវដាក់ទណ្ឌកម្មអោយបានច្រើនទៀត​ ហើយខ្ញុំក៏សុំជំរុញអោយសហរដ្ឋអាមេរិក​ រួមដៃជាមួយសហភាពអឺរ៉ុបដាក់ទណ្ឌកម្មអោយធ្ងន់ធ្ងរលើប្រភពចំណូលសំខាន់របស់របបយោធា គឺសហគ្រាសប្រេង និងឧស្ម័នមីយ៉ាន់ម៉ា។

លោកបន្ថែមថា វាមានសារៈសំខាន់ណាស់សម្រាប់ទីក្រុងវ៉ាស៊ីតោន យ៉ាងហោចណាស់ត្រូវគិតគូពីកម្រិតនៃបញ្ហាមនុស្សធម៌ ដើម្បីជួយគាំពារជនរងគ្រោះទាំងក្នុង និងក្រៅប្រទេសមីយ៉ាន់ម៉ា។

ជាមួយគ្នានោះ អតីតសមាជិកសភាអាមេរិករូបនេះក៏បានសរសើរចំពោះចំណាត់ការរបស់ទីក្រុងវ៉ាស៊ីតោន លើការដាក់ទណ្ឌកម្មដល់ធនាគារ Myanma Foreign Trade និងធានាគារ Myanma Investment and Commercial ផងដែរ។

រម្លឹកផងថា កាលពីខែមករា សហរដ្ឋអាមេរិកបានដាក់គោលដៅលើអគ្គនាយក និងនាយករងគ្រប់គ្រងសហគ្រាសប្រេង និងឧស្ម័នមីយ៉ានម៉ាដែរ ប៉ុន្តែមិនទាន់មានវិធានការបន្ថែមទៀតប្រឆាំងនឹងក្រុមហ៊ុននេះទេ បើទោះបីជាមានការជំរុញពីក្រុមសិទ្ធិមនុស្ស និងក្រុមអ្នកប្រឆាំងក៏ដោយ។

សូមជម្រាបថា កន្លងមកសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាច្រើនមកហើយ ខណៈកាលពីខែមុនទីក្រុងវ៉ាស៊ីតោន​បានដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងរបបយោធា រួមទាំងក្រុមហ៊ុនបរទេស ឬបុគ្គល ដែលជួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងការទិញឥន្ធនៈយន្តហោះ ដែលពួកគេប្រើប្រាស់សម្រាប់បើកការវាយប្រហារតាមអាកាស មកលើប្រជាជនរបស់ខ្លួន៕