កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា កូនប្រុសរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គឺលោក Hunter Biden ត្រូវរងការចោទប្រកាន់ពីបទបោកបញ្ឆោតឈ្មួញកាំភ្លើង លក់អាវុធទៅឲ្យលោក។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា នេះគឺជាករណីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលកើតមានលើកូនរបស់ប្រធានាធិបតីអាមេរិក ខណៈតុលាការរដ្ឋ Delaware បានចោទប្រកាន់លោក Hunter Biden ចំនួន ៣ករីណ ទាក់ទងនឹងការកុហកអំពីការប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងដកហូតសិទ្ធកាន់កាប់អាវុធរបស់លោក។
គួររំលឹកដែរថា កន្លងមកកូនប្រុសប្រធានាធិបតីអាមេរិក ធ្លាប់បានសារភាពទោស ទាក់ទងនឹងបទល្មើសពន្ធចំនួន ២ករណី និងបានចូលរួមជាមួយកម្មវិធីកែប្រែមួយ ដើម្បីជៀសវៀងការឃុំខ្លួន។
បច្ចុប្បន្ន ក្រុមអ្នកស៊ើបការណ៍កំពុងបន្តស៊ើបរឿងពន្ធ ទាក់ទងនឹងលោក Hunter នៅឡើយ ខណៈក្រុមព្រះរាជអាជ្ញា បានចោទប្រកាន់លោកថា បានកុហកអំពីការប្រើប្រាស់គ្រឿងញៀន នៅពេលលោកទិញកាំភ្លើង Colt Cobra កាលពីខែតុលា ឆ្នាំ២០១៨។
ជាមួយគ្នានេះ ករណីចោទប្រកាន់ទៅលើលោក Hunter Biden អាចនឹងធ្វើឲ្យឪពុករបស់ខ្លួនគឺលោក ចូ បៃដិន អាចនឹងជួបបញ្ហាលំបាក ក្នុងការឃោសនារកសម្លេងគាំទ្រ ដើម្បីឈរជាបេក្ខភាពប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនាឆ្នាំក្រោយ៕