ក្រុមហ៊ុន Huawei ដែលជំនាញលើការផលិតទូរស័ព្ទឆ្លាតវៃ និងឧបករណ៍ប្រើប្រាស់អេឡិចត្រូនិកទំនើបៗ មានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៩ ហើយគិតមកទល់ពេលនេះ គឺរយៈពេល ២៤ឆ្នាំមកហើយ។

ក្រុមហ៊ុនខ្នាតយក្សចិនមួយនេះ ក៏បានចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់ និងបង្កើតទីស្នាក់ការកណ្ដាលមួយនៅរាជធានីភ្នំពេញ ក្រោមឈ្មោះថា HUAWEI TECHNOLOGIES (CAMBODIA) CO., LTD។
រីឯផលិតផលដែល Huawei កំពុងផ្ដល់ជូនប្រជាជនកម្ពុជាវិញ គឺមានច្រើនសំបូរបែប ដូចជា ទូរស័ព្ទឆ្លាតវៃ កុំព្យូទ័រយួរដៃ Tablet និងសម្ភារៈប្រើប្រាស់ទំនើបៗ នៅក្នុងគេហដ្ឋានជាដើម។
រយៈពេលជាង ២ទសវត្ស ដែលក្រុមហ៊ុនចិនមួយនេះមានវត្តមាននៅកម្ពុជា ពួកគេក៏ធ្លាប់ បានសហការជាមួយសាកលវិទ្យាល័យមួយចំនួននៅកម្ពុជា លើការងារបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យឌីជីថលផងដែរ។

សូមជម្រាបដែរថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងារជាមួយលោក Liang Hua ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd ដោយសង្ឃឹមថា Huawei នឹងបន្តនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ពីប្រទេសចិន មកកាន់កម្ពុជាបន្ថែមទៀត ខណៈកម្ពុជា និង Huawei ចង់បណ្ដុះបណ្ដាលជំនាញឌីជីថល ពីកម្រិតបឋមសិក្សា រហូតដល់សាកលវិទ្យាល័យថែមទៀត៕