បាត់មុខមួយរយៈ អាមេរិកសង្ស័យរដ្ឋមន្ត្រីការពារជាតិចិន កំពុងស្ថិតក្រោមការស៊ើបអង្កេត

អន្តរជាតិ

រដ្ឋាភិបាលអាមេរិកកំពុងសង្ស័យថា រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu ដែល​បាត់ដំណឹង មិនបង្ហាញមុខជាសាធារណៈ អស់រយៈពេល ៣សប្ដាហ៍ កំពុងស្ថិតក្រោមការស៊ើបអង្កេតពី​រដ្ឋាភិបាលចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន The Financial Times បានរាយការណ៍ថា ឯករដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បានបង្ហោះសារលើបណ្ដាញសង្គម​ថា លោក Li បានអវត្តមានពីការិយាល័យ និងបាត់ដំណឹងអស់រយៈពេល ៣សប្ដាហ៍ហើយ ខណៈរដ្ឋមន្ត្រីការពារជាតិរូបនេះ អាចនឹងត្រូវឃុំខ្លួននៅក្នុងផ្ទះ។

សារព័ត៌មានអង់គ្លេសដដែលបានបន្ថែមថា រដ្ឋមន្ត្រីអាមេរិក ៣រូប រួមជាមួយបុគ្គលិករដ្ឋាភិបាល ២រូបផ្សេងទៀតសុទ្ធតែអះអាងថា អាមេរិកសន្និដ្ឋានរួចស្រេចថា លោក Li ត្រូវបានដកដំណែង ពីរដ្ឋមន្ត្រីការពារជាតិបាត់ទៅហើយ។

សូមជម្រាបដែរថា រដ្ឋមន្ត្រីការពារជាតិចិនរូបនេះ ត្រូវបានប្រទះឃើញចុងក្រោយនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២៩ ខែសីហា ដោយបានថ្លែងសន្ទរកថាសំខាន់ៗ ក្នុងវេទិកាសន្តិសុខជាមួយបណ្ដាប្រទេសទ្វីបអាហ្វ្រិក ខណៈរដ្ឋាភិបាលចិន មិនទាន់ចេញមុខបកស្រាយពីការអះអាងខាងលើរបស់អាមេរិកឡើយ៕