នាថ្ងៃទី១៥ ខែកញ្ញានេះ សារព័ត៌មាន CNA បានរាយការណ៍ថា លោក ភីថា លីមចារើនរ៉ាត់ បានប្រកាសលាលែងពីតំណែង ជាប្រធានគណបក្សឆ្ពោះទៅមុខ (MFP) បន្ទាប់ពីបរាជ័យក្នុងការក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសថៃ បើទោះជាទទួលបានសម្លេងគាំទ្រច្រើនដាច់គេ អំឡុងការបោះឆ្នោតសកលកាលពីខែឧសភា។
“ខ្ញុំបានលាលែងពីតំណែងជាប្រធានបក្ស MFP ដើម្បីបើកផ្លូវឲ្យសមាជិកបក្ស ដែលមានសម្លេងនៅក្នុងសភា អាចក្លាយជាមេដឹកនាំគណបក្សប្រឆាំងវិញ។ ដោយសារការព្យួរតំណែងសមាជិកសភារបស់ខ្ញុំ ខ្ញុំមិនអាចក្លាយជាមេដឹកនាំគណបក្សប្រឆាំង ក្នុងពេលឆាប់ៗនោះឡើយ”។ នេះបើតាមការបង្ហោះសារលើបណ្ដាញសង្គម Facebook របស់លោក ភីថា។
គួររំលឹកដែរថា ក្រោមច្បាប់បច្ចុប្បន្នរបស់ថៃ មេដឹកនាំគណបក្សប្រឆាំង ត្រូវតែជាសមាជិកនៃរដ្ឋសភា។
ជម្រាបបន្ថែមថា លោក ភីថា ត្រូវបានសម្រេចព្យួរតំណែងជាសមាជិកសភាកាលពីខែកក្កដា បន្ទាប់ពីមានការប្ដឹងថា លោកមានចំណែកភាគហ៊ុននៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលល្មើសពីច្បាប់រដ្ឋធម្មនុញ្ញ ហាមមិនឲ្យសមាជិកសភា ក្ដោបក្ដាប់ភាគហ៊ុននៃប្រព័ន្ធផ្សព្វផ្សាយទាំងអស់៕