ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា ចិននឹងយល់ព្រមបន្តរក្សាទំនាក់ទំនងឲ្យកាន់តែល្អជាមួយកម្ពុជា លើផ្នែកយុទ្ធសាស្ត្រ និងបន្តការផ្លាស់ប្ដូរឲ្យកាន់តែស៊ីជម្រៅលើផ្នែកនយោបាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

មេដឹកនាំកំពូលចិន បានជួបជជែកគ្នាជាមួយសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត នៅទីក្រុងប៉េកាំង និងបានសន្យាជាមួយកម្ពុជា ពង្រឹងលើផ្នែកច្បាប់ និងកិច្ចសហប្រតិបត្តិការសន្តិសុខ ជាពិសេសបង្ក្រាបបទល្មើសតាមតំបន់ព្រំដែន ដូចជាល្បែងស៊ីសងតាមអ៊ីនធឺណិត និងការឆបោកតាមបណ្ដាញទូរស័ព្ទជាដើម។
គួររំលឹកដែរថា សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា កំពុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន តាមការអញ្ជើញពីនាយករដ្ឋមន្ត្រីចិន លោក Li Qiang ដែលបានជួបគ្នាលើកដំបូង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ ធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីកន្លងទៅ៕






