វៀតណាម ដើរតួរយ៉ាងសំខាន់ក្នុងនាមជាស្ពានតភ្ជាប់រវាងចិន និងតំបន់អាស៊ាន

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បាននិយាយថា ភាពជាដៃគូពាណិជ្ជកម្មរវាងប្រទេសខ្លួន ជាមួយចិន បានជួយដល់តំបន់អាស៊ីអាគ្នេយ៍យ៉ាងច្រើន​ ក្នុងរយ:ពេលចុងក្រោយនេះ ជាពិសេសក្រោមការពង្រីកគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Dung បាននិយាយយ៉ាងដូច្នេះ នៅឯកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវលើកទី៨ ដែលរៀបចំធ្វើឡើងនៅទីក្រុងហុងកុងកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ខណ:លោកថែមទាំងបានសង្កត់ធ្ងន់ទៀតថា ដោយសារតែវៀតណាម ត្រូវបានចាត់ទុកថាជាស្ពានតភ្ជាប់រវាងចិន និងតំបន់អាស៊ាន ដូច្នេះហើយទើបប្រទេសទាំងពីរ កំពុងរៀបចំផែនការដើម្បីបង្កើនទំនាក់ទំនងរវាងគ្នាបន្ថែមទៀត ។

គំនិតផ្តួចផ្តើមខ្សែ​ក្រវាត់ និងផ្លូវ​ បច្ចុប្បន្នកំពុងត្រូវបានអនុវត្តទៅក្នុងបរិបទថ្មីមួយ ជាមួយនឹងការអភិវឌ្ឍឧស្សាហកម្ម 4.0 រួមទាំងការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពលបៃតង និងការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល។

ជុំវិញកត្តាសំខាន់ៗទាំងនេះហើយ បានអនុញ្ញាតឱ្យមានកាលានុវត្តភាព ក្នុងការបង្កើនភាពជាដៃគូបន្ថែមទៀត រវាងប្រទេសចិន វៀតណាម និងជាពិសេសបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ។

គំនិតផ្តួចផ្តើមខ្សែ​ក្រវាត់​ និងផ្លូវរបស់ចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ជាមួយនឹងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការតភ្ជាប់ក្នុងវិស័យចំនួនប្រាំ រួមមានគោលនយោបាយ ការដឹកជញ្ជូន ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងការតភ្ជាប់មនុស្ស។

ជម្រាបជូនផងដែរថា ក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយ គំនិតផ្តួចផ្តើមនេះ បានទាក់ទាញការចូលរួម និងកិច្ចសហប្រតិបត្តិការនៃសេដ្ឋកិច្ច និងអង្គការអន្តរជាតិជាង ១០០ ជាមួយនឹងគម្រោងជាង ៣ ០០០ ដែលត្រូវបានអនុវត្តនៅទូទាំងពិភពលោក ជាមួយនឹងដើមទុនសរុបជិត ១ទ្រីលានដុល្លារ៕