រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ បានកំណត់គោលដៅថ្មី ក្នុងការទាញប្រាក់ចំណូលឱ្យបាន ៣ទ្រីលានបាត (៨៣,៧ពាន់លានដុល្លារ) ពីទេសចរណ៍បរទេស ពោលគឺកើនឡើងពីចំនួន ១,៩ទ្រីលានបាត (៥៣ពាន់លានដុល្លារ) កាលពីឆ្នាំ ២០១៩ ក្នុងគោលបំណងធ្វើឱ្យថៃ ក្លាយជាមជ្ឈមណ្ឌលកីឡា និងកម្សាន្តដ៏សម្បូរបែប។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។
លោកស្រី Sudawan Wangsuphakijkosol រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ដែលទើបឡើងកាន់តំណែងថ្មី បាននិយាយថា រដ្ឋាភិបាល ចង់សម្រេចបាននូវគោលដៅដ៏មានមហិច្ឆតានេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែវានៅតែត្រូវការពេលវេលាបន្ថែមទៀត ដើម្បីធ្វើការរៀបចំផែនការ។
គួរឱ្យដឹងថា គណរដ្ឋមន្ត្រីថៃ បានយល់ព្រមលើគោលនយោបាយថ្មី ដើម្បីលើកលែងទិដ្ឋាការសម្រាប់ប្រជាជនមកពីប្រទេសមួយចំនួន ជាពិសេសចិន កាលពីដើមសប្តាហ៍នេះ ក្នុងគោលបំណងលើកម្ពស់វិស័យទេសចរណ៍បន្ថែម។
លោកស្រី Sudawan បានមានប្រសាសន៍ថា នាយករដ្ឋមន្ត្រីថ្មី លោក Srettha Thavisin បានផ្តល់ឱ្យនូវវិធានការសំខាន់ៗជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ដោយចាប់ផ្តើមពីការលុបបំបាត់នូវតម្រូវការទិដ្ឋាការ សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសមួយចំនួន និងការបន្ធូរបន្ថយច្បាប់នៃការធ្វើដំណើរ នៅអាកាសយានដ្ឋាន ផងដែរ ។
លោកស្រីបានបន្ថែមទៀតថា ជាមួយគោលដៅថ្មីដ៏ធំនេះ ក្រសួងកំពុងផ្តោតទៅលើព្រឹត្តិការណ៍កីឡា និងការកម្សាន្ត ដែលអាចទាក់ទាញទស្សនិកជនយ៉ាងច្រើន ដូចជាការប្រគំតន្ត្រីអន្តរជាតិ និងព្រឹត្តិការណ៍ប្រកួតកីឡាផ្សេងៗ ជាដើម ៕