ឥណ្ឌូនេស៊ី កំពុងស្នើសុំឱ្យក្រុមហ៊ុនខ្នាតយក្សចិនមួយ ជួយខ្លួនផលិតរថយន្តអគ្គិសនី

អន្តរជាតិ

ឥណ្ឌូនេស៊ី បានស្នើសុំឱ្យក្រុមហ៊ុនផលិតរថយន្តចិន Geely Automotive Holdings ជួយខ្លួនក្នុងការផលិតរថយន្តអគ្គិសនីដំបូង នៅក្នុងស្រុក ដោយរំពឹងថានឹងចាប់ផ្តើមនៅក្នុងឆ្នាំ ២០២៥ ឬ ២០២៦ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគ លោក Luhut Pandjaitan បានបង្ហើបប្រាប់ថា ៖ ” ខ្ញុំបានដាក់សំណើជូនទៅកាន់ក្រុមហ៊ុន Geely ថាតើពួកគេចង់មកផលិតរថយន្ត និងធ្វើការស្រាវជ្រាវនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែរឬទេ។ ហើយពួកគេបាននិយាយយល់ព្រម ” ។

ប្រទេសឥណ្ឌូនេស៊ី ក្នុងរយ:ពេលចុងក្រោយនេះ កំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនី មកធ្វើការវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន​ ជាមួយនឹងការផ្តល់ជូននូវលទ្ធភាព ដើម្បីទទួលបានទុនបម្រុងរ៉ែនីកែលដ៏សម្បូរបែប នៅក្នុងប្រទេស ដែលជាសមាសធាតុដ៏សំខាន់ក្នុងការផលិតអាគុយរថយន្ត EV។

កាលពីថ្ងៃចន្ទកន្លងទៅ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់វៀតណាម VinFast បាននិយាយថា ពួកគេមានគម្រោងក្នុងការវិនិយោគទឹកប្រាក់ប្រហែល ១,២ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ី សម្រាប់រយ:ពេលវែង រួមទាំងការសាងសង់រោងចក្រ ដែលបានកំណត់គោលដៅ ក្នុងការចាប់ផ្តើមផលិតកម្ម នៅឆ្នាំ ២០២៦ ថែមទៀតផង ។

ជាងនេះទៅទៀត កាលពីខែមុន ឥណ្ឌូនេស៊ី ក៏បានចុះកិច្ចសន្យាវិនិយោគជាមួយក្រុមហ៊ុន Hozon New Energy Automobile របស់ចិន និងក្រុមហ៊ុន Mitsubishi Motors របស់ជប៉ុន ក្នុងការផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសរបស់ខ្លួន ផងដែរ ៕