យោងតាមទិន្នន័យទទួលបានពីក្រសួងហិរញ្ញវត្ថុ បានបង្ហាញឱ្យដឹងថា ប្រាក់ចំណូលបានពីការលក់ដីធ្លី របស់រដ្ឋាភិបាលចិន បានបន្តធ្លាក់ចុះក្នុងរយ:ពេល ២០ខែជាប់ៗគ្នា គិតត្រឹមខែសីហា ដោយនេះបានបង្ហាញពីសម្ពាធកាន់តែខ្លាំង ជាមួយបញ្ហាបំណុលកាន់តែស៊ីជម្រៅ។
ប្រាក់ចំណូលពីការលក់ដីធ្លី បានធ្លាក់ចុះ ២២,២% នៅក្នុងខែសីហា បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន បន្ទាប់ពីបានធ្លាក់ចុះ ១០,១% កាលពីខែកក្កដា។ នេះបើតាមការគណនារបស់សារព័ត៌មាន Reuters ដោយផ្នែកលើទិន្នន័យដែលទទួលបានពីក្រសួងហិរញ្ញវត្ថុចិន។
ដោយឡែកសម្រាប់រយ:ពេលពីខែមករា ដល់ខែសីហា ការលក់ដីធ្លីបានធ្លាក់ចុះ ១៩,៦% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹម ២,៧១ទ្រីលានយ៉ន់ (៧៣២,៨២ពាន់លានដុល្លារ) ប៉ុណ្ណោះ ។
ការកើនឡើងនៃបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ កំពុងបង្កហានិភ័យធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសចិន ក្រោយពីបានមើលឃើញថាមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធច្រើនលើសលប់ពេក ក្នុងរយ:ពេលជាច្រើនឆ្នាំមកនេះ និងការធ្លាក់ចុះនៃប្រាក់ចំណូលបានពីការលក់ដីធ្លី ផងដែរ។
ជម្រាបជូនផងដែរថា រដ្ឋាភិបាលទីក្រុងប៉េកាំង បាននិងកំពុងបង្កើនវិធានការដោះស្រាយ ហានិភ័យបំណុលក្នុងស្រុក រួមទាំងការកាត់បន្ថយការរឹតបន្តឹងលើវិស័យអចលនទ្រព្យ និងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងទៅលើស្ថាប័នផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាល ក្នុងតំបន់ផងដែរ ដោយទីផ្សារនានារំពឹងថានឹងទទួលបានវិធានការសារពើពន្ធ និងរូបិយវត្ថុបន្ថែមទៀត ដើម្បីធានាបាននូវការងើបឡើងវិញ ប្រកបដោយប្រសិទ្ធិភាព ៕