នាយករដ្ឋមន្ត្រីថៃ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា មុនបន្តទៅចិនក្នុងខែកញ្ញានេះ

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាចុងខែកញ្ញានេះ។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃអាទិត្យម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញដំណើរទសន្សកិច្ចរបស់នាយករដ្ឋមន្ត្រីថៃមកកាន់កម្ពុជា ត្រូវបានលើកឡើង ក្នុងអំឡុងជំនួបរវាងលោក Saran Jarorn Sovann រដ្ឋលេខាធិការ អចិន្ត្រៃយ៍នៃក្រសួងការបរទេសថៃ និងលោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានដឹកនាំគណ:ប្រតិភូទៅបំពេញទស្សនកិច្ចការងារ នៅឯទីក្រុងបាងកកនាពេលកន្លងទៅ។

ក្នុងជំនួបនោះ មន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Srettha នាយករដ្ឋមន្ត្រីថៃ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Thai PBS បានបញ្ជាក់ថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា លោក Srettha នឹងបន្តធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន នៅដើមខែក្រោយ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយ:ពេលបីថ្ងៃ។

ការដែលនាយករដ្ឋមន្ត្រីថៃ នឹងទៅកាន់ប្រទេសចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែតុលា គឺដើម្បីជួបពិភាក្សាទ្វេភាគី ក្នុងគោលបំណងពង្រឹងទំនាក់ទំនងថៃ-ចិន បន្ថែម ស្របពេលលោក Srettha ក៏នឹងបន្តចូលរួមក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅទីក្រុងប៉េកាំង ដើម្បីរំលឹកខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ផងដែរ ៕