ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស China Evergande Group បានធ្លាក់ចុះ ២៥% នៅថ្ងៃចន្ទទី១៨ ខែកញ្ញានេះ បន្ទាប់ពីមានការចាប់ខ្លួនបុគ្គលិករបស់ក្រុមហ៊ុនចិន ជាច្រើនរូប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande បានធ្លាក់ចុះមកនៅត្រឹម ០,៤៧ដុល្លារហុងកុង ក្នុងមួយហ៊ុន នៅពេលទីផ្សារបានបើកការជួញដូរនៅពេលព្រឹក ដែលនេះគឺជាតម្លៃទាបបំផុត បើធៀបទៅនឹងតម្លៃក្នុងរយ:ពេលពីរសប្តាហ៍ចុងក្រោយ។
ការធ្លាក់ចុះនេះ បានកើតឡើងនៅរយ:ពេលពីរថ្ងៃ បន្ទាប់ពីប៉ូលីសនៅទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកជាច្រើនរូប នៃបុត្រសម្ព័ន្ធ Evergrande គឺក្រុមហ៊ុន Evergrande Wealth Management ត្រូវបានចាប់ខ្លួន។
ជុំវិញការចាប់ខ្លួនេះ អាជ្ញាធរមិនបានធ្វើការបញ្ជាក់ពីចំនួនបុគ្គលិក ឬការចោទប្រកាន់ណាមួយទៅលើពួកគេនោះឡើយ តែសេចក្តីថ្លែងការណ៍ បានអំនាវពាវឱ្យសាធារណជន រាយការណ៍ពីករណីណាមួយ ដែលមានជាប់សង្ស័យអំពីការក្លែងបន្លំ។
Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍអចនលទ្រព្យ ដែលជំពាក់បំណុលច្រើនជាងគេបំផុតរបស់ពិភពលោក ដោយប៉ាន់ប្រមាណថាមានចំនួនរហូតដល់ទៅ ៣២៨ពាន់លានដុល្លារ គិតត្រឹមចុងខែមិថុនា។
ជម្រាបជូនផងដែរថា ដោយធ្លាប់ជាស្តេចត្រាញ់នៅក្នុងវិស័យអចលនទ្រព្យ និងជាអ្នកជួយជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ចិន បំណុលដ៏ច្រើនលើសលប់របស់ Evergrande ត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងមើលឃើញថា ជាហានិភ័យ ដែលមិនអាចទទួលយកបានមួយ សម្រាប់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេស ដោយកន្លងមក អាជ្ញាធរបានដាក់ចេញវិធានការរឹតបន្តឹង ជាច្រើនរួចមកហើយ ៕