ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃចន្ទ ទី១៨ ខែកញ្ញានេះថា យោធាចិនបានបញ្ជូនយន្តហោះចម្បាំងដល់ទៅ ១០៣គ្រឿង មកកាន់ទឹកដីរបស់ខ្លួន ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP ។
ប្រទេសចិន ដែលទាមទារតៃវ៉ាន់ជាផ្នែកមួយរបស់ខ្លួននោះ បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ កាន់តែខ្លាំងជាងមុន នៅលើដែនអាកាស និងដែនទឹកជុំវិញកោះតៃវ៉ាន់ ចំពេលដែលបច្ចុបន្ន បញ្ហាចម្រូងចម្រាសបានកើនឡើងកាន់តែខ្លាំងរវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយសហរដ្ឋអាមេរិកផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ តៃវ៉ាន់ បានហៅសកម្មភាពយោធារបស់ចិន ថាជាការយាយី ដែលខ្លួនបានព្រមានថា ទង្វើនេះអាចបង្កើនភាពតានតឹងបន្ថែមទៀត នៅក្នុងស្ថានភាពដែលបានតានតឹងរួចទៅហើយនាពេលបច្ចុបន្ន។
សូមជម្រាបថា កាលពីសប្តាហ៍មុន ប្រទេសចិនបានបញ្ជូននាវាជាច្រើនគ្រឿង រួមទាំងនាវាផ្ទុកយន្តហោះសានតុង ចូលទៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ផងដែរ ក្រោយពីសហរដ្ឋអាមេរិក និងកាណាដា បានបើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាដែនទឹកបំបែកកោះនេះចេញពីប្រទេសចិនដីគោក៕