ចិនថ្កោលទោសរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ក្រោយហៅមេដឹកនាំ ស៊ី ជិនពីង ជាជនផ្ដាច់ការ

អន្តរជាតិ

រដ្ឋាភិបាលចិនបានធ្វើការថ្កោលទោសទៅលើប្រទេសអាល្លឺម៉ង់ជាខ្លាំង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស អ្នកស្រី Annalena Baerbock បានហៅប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជាជនផ្ដាច់ការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទេសចិន បានហៅទង្វើនេះថាជាការលើកឡើងគ្មានមូលដ្ឋាន និងចាត់ទុកវា ជាការញុះញង់លើផ្នែកនយោបាយ ដោយបើកចំហរ។

គួររំលឹកដែរថា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាននិយាយបែបនេះនៅក្នុងកិច្ចសម្ភាសន៍ ជាមួយសារព័ត៌មាន Fox News កាលពីសប្ដាហ៍មុន អំឡុងពេលបញ្ចេញមតិចំពោះសង្គ្រាមរវាង​រុស្ស៊ី និងអ៊ុយក្រែន ដោយនិយាយថា៖ បើសិនជាពូទីនឈ្នះសង្គ្រាមនេះ តើវាអាចជាការបើកផ្លូវ​ចំពោះជនផ្ដាច់ការដទៃ ដូចជាលោក ស៊ី ប្រធានាធិបតីចិនដែរទេ?

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បានហៅទង្វើនេះ គឺជា​រឿងដែលមិនត្រឹមត្រូវទាល់តែសោះ ខណៈវាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់កិត្តិយស​របស់​ថ្នាក់ដឹកនាំប្រទេសចិន។

ជម្រាបបន្ថែមថា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ តែងតែធ្វើការរិះគន់ចំពោះប្រទេសចិន ពោលកាលពីខែសីហាកន្លងទៅ អ្នកស្រីបាននិយាយថា ចិនគឺជាឧបសគ្គដ៏ធំ ក្នុងការបង្រួបបង្រួម ប្រជាជនទូទាំងពិភពលោក៕