ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងធ្វើការរៃអង្គាសប្រាក់ សម្រាប់ការបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតនាឆ្នាំ២០២៤ ខាងមុខ ខណៈអំឡុងពេលធ្វើដំណើរទៅទីក្រុង New York មេដឹកនាំរូបនេះក៏បានប្រាប់ពីមូលហេតុនៃការឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី បើទោះជាវ័យលោករាងជ្រេក៏ដោយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក បៃដិន ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ដោយសារតែមើលឃើញពីលទ្ធិប្រជាធិបតេយ្យអាមេរិក កំពុងស្ថិតក្នុងសភាពយ៉ាប់យ៉ឺន។
“មានមនុស្សច្រើនណាស់ ផ្ដោតតែលើរឿងអាយុរបស់ខ្ញុំ ហើយខ្ញុំសូមប្រាប់ថា ខ្ញុំដឹងពីបញ្ហាមួយនេះច្បាស់ណាស់។ ខ្ញុំឈរឈ្មោះប្រកួតការបោះឆ្នោតនេះ ដោយសារលទ្ធិប្រជាធិបតេយ្យ កំពុងមានហានិភ័យ”។ នេះបើតាមសម្ដីរបស់លោក បៃដិន។
មេដឹកនាំមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកបន្តទៀតថា៖ ដូណាល់ ត្រាំ និងបក្សពួកសាធារណៈរដ្ឋ MAGA គឺមានឆន្ទៈលុបបំបាត់លទ្ធិប្រជាធិបតេយ្យអាមេរិក ប៉ុន្តែខ្ញុំនឹងបន្តការពារ និងប្រយុទ្ធប្រឆាំងជាមួយពួកគេ ដើម្បីលទ្ធិប្រជាធិបតេយ្យរបស់ពួកយើង។
សូមជម្រាបដែរថា កត្តាសំខាន់ដែលអាចរារាំងលោក បៃដិន ពីការជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក អាណត្តិទី២ អាចបណ្ដាលមកពីវ័យជរារបស់លោក ដ្បិតបច្ចុប្បន្នលោកមានអាយុ ៨០ឆ្នាំហើយ៕