កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ប្រមុខការទូតអាមេរិក លោក Antony Blinken និងអនុប្រធានាធិបតីចិន លោក Han Zheng បានជួបមុខគ្នានៅទីក្រុង New York ក្នុងកិច្ចប្រជុំក្រៅផ្លូវការមួយ អំឡុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ និងបានបង្ហាញពីឆន្ទៈរួមគ្នា ដោយអំពាវនាវឲ្យមានការរឹតបន្តឹងទំនាក់ទំនងរវាងចិន និងអាមេរិក ឲ្យមានភាពស្ថិរភាព និងរឹងមាំជាងមុន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា រដ្ឋមន្ត្រីការបរទេសអាមេរិក យល់ឃើញថា ការជួបជជែកផ្ទាល់ជាមួយអនុប្រធានាធិបតីចិន នឹងអាចដោះស្រាយបញ្ហាមួយចំនួន ដែលមហាអំណាចសេដ្ឋកិច្ចទាំង២ កំពុងជួបប្រទះ។
“ខ្ញុំគិតថា វាគឺជារឿងល្អដែលយើងអាចមានឱកាសជួបជជែកគ្នាបែបនេះ ក្នុងការរកដំណោះស្រាយ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ តាមរយៈការបង្កើនកិច្ចពិភាក្សាជាន់ខ្ពស់”។ នេះបើសម្ដីរបស់លោក Blinken បាននិយាយ។
ប្រមុខការទូតអាមេរិកបន្ថែមថា៖ គោលបំណងនៃការជជែកគ្នាជាមួយភាគីខាងចិន គឺដើម្បីប្រាកដថា ពួកយើងនៅតែងអាចបន្តបើកកិច្ចចរចាដោយបើកចំហរ និងបង្ហាញឲ្យច្បាស់ពីទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងប្រទេសទាំង២។

ជាមួយគ្នានោះ លោក Han អនុប្រធានាធិបតីចិនក៏បានលើកឡើងដែរថា មហាអំណាចសេដ្ឋកិច្ចទាំង២ កំពុងប្រឈមនឹងផលវិបាក និងការប្រកួតប្រជែងខ្ពស់ ហើយពិភពលោកត្រូវការទំនាក់ទំនងរវាងអាមេរិក និងចិន ត្រូវតែមានស្ថិរភាព និងភាពរឹងមាំ ដែលមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ចិន និងអាមេរិកឡើយ គឺទូទាំងពិភពលោកតែម្ដង។
សូមជម្រាបដែរថា ទំនាក់ទំនងរវាងចិន និងអាមេរិកបច្ចុប្បន្ន មិនមានភាពល្អប្រសើរឡើយ ពោលចិនកំពុងបង្ហាញការមិនពេញចិត្តជាមួយមហាអំណាចលោកខាងលិចជាខ្លាំង ដ្បិតអាមេរិកតែងលូកដៃ ជុំវិញបញ្ហារវាងខ្លួន និងតៃវ៉ាន់ ខណៈមួយរយៈចុងក្រោយនេះ អាមេរិកបានរឹតវិធានការវិនិយោគ និងការនាំចេញទំនិញបច្ចេកវិទ្យារបស់ខ្លួនថែមទៀត៕