នាថ្ងៃទី១៩ ខែកញ្ញានេះ ក្រុម G7 បានចេញសេចក្ដីថ្លែងការណ៍រួមមួយ អំឡុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ដោយអំពាវនាវឲ្យប្រទេសចិន ដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី បញ្ឈប់ការធ្វើលុកលុយនៅប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមការបញ្ជាក់ពីរដ្ឋមន្ត្រីការបរទេសជប៉ុន បាននិយាយថា សមាជិក G7 ទាំងអស់សុទ្ធតែបង្ហាញក្ដីសង្ឃឹមថា ចិននឹងចូលរួមភ្លាមៗ ដើម្បីដាក់សម្ពាធទៅលើរុស្ស៊ី ជំរុញឲ្យរុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែនឲ្យអស់ និងគ្មានលក្ខខណ្ឌ។
ជាមួយគ្នានោះ សេចក្ដីថ្លែងការណ៍រួមរបស់ក្រុម G7 ក៏បានបញ្ជាក់ថា សមាជិកទាំងអស់សុទ្ធតែស្វាគមន៍ចំពោះការចូលរួមរបស់ចិន ក្នុងកិច្ចប្រជុំដឹកនាំដោយអ៊ុយក្រែននៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីខែមុន និងសំណូមពរឲ្យចិនបន្តការគាំទ្រដល់អ៊ុយក្រែន តាមរយៈកិច្ចពិភាក្សាដោយផ្ទាល់រវាងចិន និងអ៊ុយក្រែនថែមទៀត។
បន្ថែមពីនោះ សេចក្ដីថ្លែងការណ៍រួមមួយនេះ ក៏បានរំលឹកសារជាថ្មីអំពីការអំពាវនាវ កុំឲ្យមានប្រទេសទី៣ ផ្គត់ផ្គង់ជំនួយអ្វីទាំងអស់ដល់រុស្ស៊ី បើមិនដូច្នោះនឹងត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរជាមិនខាន។
ការលើកឡើងបែបនេះ បើទោះជាមិនបញ្ចេញឈ្មោះក្ដី ប៉ុន្តែគេដឹងថា G7 ចង់សំដៅទៅលើកូរ៉េខាងជើង ដែលមេដឹកនាំកំពូល គីម ជុងអ៊ុន ទើបនឹងបញ្ចប់ដំណើរទស្សនកិច្ចទៅរុស្ស៊ីកាលពីសប្ដាហ៍មុន ខណៈរុស្ស៊ី និងកូរ៉េខាងជើង ក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកយោធាជាមួយគ្នាផងដែរ៕