មហាសេដ្ឋី និងជាវិនិយោគិនអាមេរិក Ray Dalio បាននិយាយថា ឥណ្ឌាមានសក្ដានុពលខ្ពស់បំផុតក្នុងការក្លាយជាមហាអំណាចសេដ្ឋកិច្ចក្នុងលោក និងបានប្រដូចនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ទៅនឹងអតីតមេដឹកនាំចិន Deng Xiaoping ដែលបានកែប្រែសេដ្ឋកិច្ចប្រទេសចិន អំឡុងទសវត្សឆ្នាំ១៩៧០។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Timesofindia។

“ខ្ញុំគិតថា ឥណ្ឌាគឺដូចចិនកាលពីឆ្នាំ១៩៨៤ អញ្ចឹង បើសិនជាយើងក្រឡេកទៅមើលពីប្រាក់ចំណូលសព្វថ្ងៃ ហើយខ្ញុំគិតថា Modi គឺដូចជា Deng Xiaoping។ អ្នកអាចមើលឃើញថា ឥណ្ឌាកំពុងមានការកែប្រែ អភិវឌ្ឍន៍ និងការច្នៃប្រឌិតដ៏ខ្ពស់”។ នេះបើតាមសម្ដីរបស់លោក Dalio បានលើកឡើង។

មហាសេដ្ឋីអាមេរិករូបនេះបន្ថែមទៀតថា បញ្ហដែលឥណ្ឌាកំពុងមាន គឺការប្រឆាំងសាសនាមូស្លីម ២៤០លាននាក់ ប៉ុន្តែវាមិនមែនជាឧបសគ្គចំបង រារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ឥណ្ឌានោះឡើយ។
មូលហេតុចំបងដែលវិនិយោគអាមេរិករូបនេះ ហ៊ានអះអាងបែបនេះ ដោយសារលោកយល់ថា មហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិនកំពុងមានបញ្ហាជាមួយគ្នា ស្របពេលរុស្ស៊ីជាប់ដៃធ្វើសង្គ្រាមទៀត ដូច្នេះប្រទេសនៅកណ្ដាលដូចជាឥណ្ឌា នឹងសំងំកើបផលប្រយោជន៍បានច្រើនជាមិនខាន៕