តាមរយៈសារព័ត៌មាន Reuters បានចុះផ្សាយថា នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ក្រសួងទេសចរណ៍ និងកីឡាថៃបានបង្ហាញនូវកំណត់ត្រាចំនួនអ្នកទេសចរបរទេស ដែលបានមកកម្សាន្តនៅប្រទេសខ្លួនមានចំនួន ១៩លាននាក់ ឬគិតជាចំណូលបានប្រមាណ ២២,២៦ពាន់លានដុល្លារ ដោយរាប់ចាប់ពីអំឡុងខែមករា មកទល់នឹងថ្ងៃទី ១៧ខែកញ្ញាឆ្នាំនេះ។
បច្ចុបន្នស្ថានភាពទេសចរណ៍ក្នុងប្រទេសថៃកំំពុងបង្ហាញនូវសញ្ញាល្អប្រសើរឡើងវិញ ក៏ព្រោះតែការជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាល ដែលបានអនុម័តលើការលើកលែងទិដ្ឋាការសម្រាប់ការមកដល់របស់អ្នកទេសចរចិន ក៏ដូចជាការជំរុញ និងបង្កើនភាពទាក់ទាញបន្ថែមផ្សេងៗទៀត។
ក្នុងនោះ រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ ក៏មានគម្រោងលើកលែងទិដ្ឋាការសម្រាប់ការមកដល់របស់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថានផងដែរ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ទៅដល់ចុងខែកុម្ភៈឆ្នាំ២០២៤ ដោយបានដាក់ក្តីរំពឹងនឹងទាក់ទាញភ្ញៀវទេសចរអោយបានចំនួនប្រមាណ ២៨លាននាក់នៅក្នុងឆ្នាំនេះ។
សូមរម្លឹកថាកាលពីឆ្នាំមុន ថៃបានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ១១,១៥លាននាក់ប៉ុណ្ណោះ ខណៈកាលពីឆ្នាំ ២០១៩កន្លងទៅ ប្រទេសនេះអាចទទួលបានរហូតដល់ទៅប្រមាណ ៣៩,៩លាននាក់ឯណោះ ដោយ ១១លាននាក់ជាអ្នកទេសចរចិន៕