នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា នៅចុងឆ្នាំនេះ ដើម្បីជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ជុំវិញការទាក់ទាញភ្ញៀវទេសចរឥណ្ឌា មកកាន់ប្រទេសថៃឱ្យកាន់តែច្រើន។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។
មុនដំណើរទស្សនកិច្ចនេះ លោក Srettha បានបង្ហាញថា រដ្ឋាភិបាលថៃ នៅមិនទាន់មានការអនុម័តគោលការណ៍លើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរឥណ្ឌា នៅឡើយនោះទេ ព្រោះនៅមានបញ្ហាទាក់ទងជាមួយនឹងនីតិវិធីស្នើសុំទិដ្ឋាការ ដែលនៅមិនទាន់អាចដោះស្រាយចេញនៅឡើយ។
ជាងនេះទៅទៀត ដោយសារតែចំនួនជើងហោះហើរពីឥណ្ឌា មកកាន់ប្រទេសថៃ នៅមានកម្រិតផងនោះ ដូច្នេះក្រុមហ៊ុន Thai Airways International (THAI) នឹងជួបពិភាក្សាជាមួយអាជ្ញាធរឥណ្ឌា ដើម្បីបង្កើនកន្លែងចុះចតនៅអាកាសយានដ្ឋានឥណ្ឌា បន្ថែមទៀត ។
ដោយបញ្ជាក់ពីដំណើរទស្សនកិច្ច ទៅកាន់ប្រទេសឥណ្ឌា នៅចុងឆ្នាំនេះ លោក Srettha បានសង្កត់ធ្ងន់ទៀតថា អ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា ភាគច្រើនគឺជាអ្នកដែលបានចំណាយខ្ពស់ ហើយក្នុងមួយឆ្នាំៗ គូសេ្នហ៍មកពីប្រទេសឥណ្ឌា បានសម្រុកមកលេងកម្សាន្តនៅថៃ ដើម្បីរៀបចំពិធីមង្គលការ ដោយមួយគូៗ ចំណាយប្រាក់រាប់សិបលានបាត ។
ជម្រាបជូនផងដែរថា យោងតាមតួលេខរបស់អាជ្ញាធរទេសចរណ៍ថៃ (TAT) បានបង្ហាញថា ឥណ្ឌា គឺជាប្រភពភ្ញៀវទេសចរបរទេសធំជាងគេលំដាប់ទី៥ របស់ថៃ នៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំនេះ៕